ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានអះអាងថា បើទោះបីវិបត្តិកូវីដ-១៩ កំពុងអូសបន្លាយពេលក្តី សម្រាប់ប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២១–២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ នៅតែតឹងរឹង ដោយគ្មានការបន្ថូរបន្ថយលើវិញ្ញាសាប្រឡងឡើយ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ទៀតថា ក្រសួងអប់រំ និងរៀបចំការប្រឡងបាក់ឌុបដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ដោយលទ្ធផលអាចទទួលយក និងគោលការណ៍រឹតបន្តឹង។ រដ្ឋមន្រ្តីរូបនេះ បន្ថែមថា ការរឹតបន្តឹងការប្រឡងនេះ គឺចង់ឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីទទួលបាននិទ្ទេសល្អ។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«យើងនៅតែបន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះតាមស្តង់ដាដែលមានពីមុន។ មិនមែនមានន័យថា ឆ្នាំកូវីដ-១៩ នេះយើងប្រឡងឲ្យធូរជាងឆ្នាំមុនទេ ដែលយើងមានគោលដៅថា ធ្វើយ៉ាងម៉េច ដើម្បីឲ្យសិស្សបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមានចំណេះវិជ្ជា មានបំនិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចរបស់យើង។ ការប្រឡងគឺយើងរៀបចំយុទ្ធនាការដដែលទាំងអស់»។
លោក ហង់ ជួនណារ៉ុន បន្តថា ចំពោះដំណើរការប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅតាមស្តង់ដាសុវត្ថិភាពខ្ពស់ ដោយកំណត់ឲ្យមានបេក្ខជនប្រឡងមិនឲ្យលើសពី២៥នាក់ក្នុងមួយបន្ទប់។ មុនចូលមណ្ឌលប្រឡងតម្រូវឲ្យសិស្សានុសិស្ស វាស់កំដៅ ពាក់ម៉ាស់ និងលាងដៃជាមួយទឹកអាល់កល់ ឬសាប៊ូ ពេលចូលបន្ទប់ប្រឡង ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
លោក ថ្លែងបន្តថា៖«ក្រសួងអប់រំនឹងទិញសម្ភារការពារ ដូចជាម៉ាស់ សាប៊ូលាងដៃ និងអាល់កុល សម្រាប់ដាក់នៅតាមមណ្ឌលប្រឡង។ ប៉ុន្តែសិស្សខ្លួនឯងក៏ត្រូវយកម៉ាស់ខ្លួនឯងទៅផងដែរ ដើម្បីការពារជំងឺឆ្លង»។ ចំណែកការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនប្រឡងចំនួនជាង១១ម៉ឺននាក់ ដែលជាតួលេខកើនឡើងជាងឆ្នាំមុនផងដែរ ដោយសារតែឆ្នាំនេះមានបេក្ខជនស្វៃរិនចូលរួមប្រឡងច្រើន។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ក្រសួងអប់រំនឹងបន្តសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការរៀបចំប្រឡងបាក់ឌុបឲ្យកាន់តែល្អប្រសើរ និងសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំការបង្រៀនបន្ថែមទៅសិស្សានុសិស្សថ្នាក់ទី១២នៅគ្រប់បណ្តាខេត្តផងដែរ។
លើសពីនេះទៅទៀត លោក ហង់ ជួនណារ៉ុន អប់រំបានណែនាំឲ្យសិស្សានុសិស្សប្រឹងប្រែងរៀនរហូតដល់ថ្ងៃប្រឡងបាក់ឌុប និងណែនាំឲ្យគ្រូខិតខំបង្រៀនបន្ថែមដល់សិស្សដោយយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះលោក សង្កត់ធ្ងន់ថា៖«សូមឲ្យសិស្សចូលរៀនជាមួយនឹងគ្រូស្ម័គ្រចិត្តដែលរៀបចំឡើងដោយស.ស.យ.ក. ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីត្រៀមលក្ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»។
គួរជម្រាបផងដែរថា ចំពោះការប្រឡងបាក់ឌុបឆ្នាំ២០១៩កន្លងទៅ មានបេក្ខជនប្រឡងចំនួន១១៥៥២០៦នាក់ ដែលប្រឡងជាប់ជិត៨ម៉ឺននាក់ស្មើនឹងជាង៦៨ភាគរយ។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេសA មានចំនួន៤៤៣នាក់, និទ្ទេសB មានចំនួន២៤៣០នាក់, និទ្ទេសC មានចំនួន៥៨៤៧នាក់។ ឯនិទ្ទេសD មានចំនួន១៤១០០នាក់ និងនិទ្ទេសE មានចំនួន៥៦២៣២នាក់៕ដោយ៖ស តារា