មន្ត្រីជាន់ខ្ពស់​អាមេរិក៖ មើលស្រាល​ការគំរាមកំហែង​របស់​ចិន ដែល​ប្រកាស​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​លក់​អាវុធ​របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រសួងការបរទេស​អា​មេ​រិ​ក អនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​តម្លៃ​២,៤​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​ ត្រូវបានរដ្ឋាភិបាលចិន ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​បី ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ ។ ជាការឆ្លើយឆ្លងមុនចេះចប់រវាងចិន និងអាមេរិក ជាក់ស្តែងនៅ​ថ្ងៃទី​២៨ ខែតុលា ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​មើលស្រាល​ការគំរាមកំហែង​របស់​ចិន ដែល​បានប្រកាស​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​លក់​អាវុធ​របស់ខ្លួន ដោយ​ផ្អែកលើ​ហេតុផល​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​។

បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បាននិយាយថា ទាក់ទិន​នឹង​ទណ្ឌ​កម្មនេះ លោក​René Clarke Cooper មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​ក្នុង​ការលក់​អាវុធ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​មិនមែនជា​លើកដំបូង​ទេ ដែល​ក្រុង​ប៉េកាំង​ព្រមាន​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​អាមេរិក​»​។ បើតាម​មន្ត្រី​អាមេរិក​រូបនេះ វា​មានការ​គំរាមកំហែង និង​ការ​ញុះញង់​ជុំវិញ​បញ្ហា​លក់​អាវុធ​។

លោក​Cooper បានថ្លែងប្រាប់​អ្នកសារព័ត៌មានបន្ថែមថា ការលក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ផ្អែក​ទៅតាម​ច្បាប់​ក្នុងស្រុក​របស់ខ្លួន ដើម្បី​ឲ្យ​កោះ​តៃវ៉ាន់​អាច​ការពារ​ខ្លួន​បាន ពី​ការ​គំរាម​មួយចំនួន​។ ម្យ៉ាងវិញទៀត ការលក់​ឲ្យ​អាវុធ​បែបនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​ដឹង​រួចហើយ​ថា អាមេរិកនឹង​បន្ត​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ក្នុងពេល​ទៅមុខទៀត​។

​សូមជម្រាបថា ក្រសួងការបរទេស​ចិន​នៅពេល​ថ្មីៗ​នេះ បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon បន្ទាប់ពី​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជិត​២​ពាន់​លាន​ដុល្លារ​។ ព្រោះកាលពី​ខែកក្កដា កន្លងទៅ ចិន​ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin ដែរ​។ប៉ុន្តែ​លើក​នេះ ចិន​បាន​ចេញមក​ជំទាស់​តែប៉ុណ្ណោះ និង​មិនមែន​ទណ្ឌកម្ម​អ្វី​បន្ថែម​ឡើយ​។

គួរបញ្ជាក់ដែរថា ចំពោះការយល់ឃើញ​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ កោះ​តៃវ៉ាន់ គឺជា​ចំណុចកណ្តាល​នៃ​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ ចំណែក​ការទិញ​អាវុធ​របស់​តៃវ៉ាន់​ទៀតសោត មិនមែនជា​សកម្មភាព​សម្លុត​ប្រទេស​ណាមួយ​ឡើយ ផ្ទុយទៅវិញ​ចិន​ទេ ដែល​តែងតែ​បង្ក​សកម្មភាព​គំរាមកំហែង​ដាក់​អ្នកដទៃ និង​ប្រទេសជិតខាង​ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print