កងទ័ពឥណ្ឌា៖ បានផ្តាច់ជីវិតមេក្រុមឧទ្ទាមធំបំផុត នៅតំបន់កាស្មៀរ (Kashmir)

ចែករំលែក៖

អន្តរជាតិ៖ កងកម្លាំងរដ្ឋាភិបាលឥណ្ឌា បានចាត់ទុកថា ការផ្តាច់ជីវិត មេបញ្ជាការកំពូលរបស់ក្រុមឧទ្ទាមធំបំផុតនៅតំបន់កាស្មៀរ (Kashmir) នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង កាលពីថ្ងៃអាទិត្យទី១ ខែវិច្ឆិកាម្សិលមិញនេះ គឺជាជោគជ័យដ៏សំខាន់បំផុតទៅលើក្រុមឧទ្ទាម ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាកន្លងមក។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ មេបញ្ជាការដែលស្លាប់មានឈ្មោះថា សៃហ្វូឡាហ៍ មារ (Saifullah Mir) គឺជាមេក្រុមឧទ្ទាម ហ៊ីសបាល់ មូចាហ៊ីឌីន (Hizbul Mujahideen) ដ៏ធំបំផុតនៅក្នុងតំបន់កាស្មៀរ ដែលបានដឹកនាំការបះបោរប្រដាប់អាវុធ ប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ជាច្រើនទសវត្សរ៍មកហើយ។

ទាក់ទិននឹងបញ្ហាខាងលើនេះដែរ អធិការប៉ូលីសឥណ្ឌាប្រចាំតំបន់កាស្មៀរ គឺលោក វិច័យ គុម៉ារ (Vijay Kumar) បានគូសបញ្ជាក់ថា កម្លាំងប៉ូលីស និងទាហានប៉ារ៉ា បានបើកប្រតិបត្តិការរួមគ្នាមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនៅតំបន់ ស៊្រីណាហ្ការ (Srinagar) ក្នុងសង្កាត់មួយនៅជាយក្រុង ដែលត្រូវបានគេជឿថា ជាកន្លែងដែលមេឧទ្ទាម Saifullah កំពុងជ្រកកោន។

លោក Kumar បានសង្កត់ធ្ងន់ថា ការបាញ់ប្រហារបានផ្ទុះឡើង ដោយបានបណ្តាលឲ្យមេបញ្ជាការក្រុមឧទ្ទាមរូបនេះបាត់បង់ជីវិត ហើយជនសង្ស័យថាជាសហការីរបស់លោកក៏ត្រូវបានចាប់ខ្លួន។ បន្ថែមពីនេះលោអធិការ បានគូសបញ្ជាក់ថា ការសម្លាប់មេឧទ្ទាមធំបំផុតខាងលើនេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រតិបត្តិការ ទៅលើក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា នៅក្នុងតំបន់កាស្មៀរ។ ប៉ុន្តែទោះបីជាយ៉ាងណា មិនទាន់មានការបញ្ជាក់ភ្លាមៗ ពីក្រុមឧទ្ទាម ជុំវិញការសម្លាប់របស់មេបញ្ជាការកំពូល នៃក្រុមឧទ្ទាមធំបំផុតនៅតំបន់កាស្មៀរនៅឡើយទេ។

គួរបញ្ជាក់ថា បន្ទាប់ពីការបាញ់ប្រហារភ្លាមៗ ការតវ៉ាប្រឆាំងនឹងប្រទេសឥណ្ឌា បានផ្ទុះឡើងនៅក្នុងសង្កាត់ខាងលើ។ ជាការឆ្លើយតប ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកការតវ៉ាយុវជនជាច្រើននាក់ ដែលបានគប់ដុំថ្មប្រឆាំងនឹងប៉ូលិសបង្ក្រាបកុប្បកម្ម៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print