ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកកណ្ដៀងឃាត់ខ្លួនជនសង្ស័យដៃដល់តាមបណ្ដឹងបងស្រីបង្កើត បន្ទាប់ជនសង្ស័យកាប់បងថ្លៃឲ្យរងរបួសហូរឈាម ដោយទំនាស់ពាក្យសម្ដីក្នុងវង់ផឹកសុី ។
ករណីអនុវត្តបណ្ដឹងឃាត់ខ្លួនជនសង្ស័យបង្កហឹង្សាខាងលើ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ផន ធីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនរូបនេះ បានកាប់បងថ្លៃចំជើងខាងស្ដាំបណ្ដាលឲ្យរងរបួសហូរឈាម ដោយទំនាស់ពាក្យសម្ដីគ្នានៅក្នុងវង់ផឹកសុី មូលហេតុ៖ ជនរងរបួសជាបងថ្លៃធ្វើឲ្យរបូតកំប៉ុងស្រាបៀរពីដៃ ។
ប្រភពពព័ត៌មានខាងលើបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺអនុវត្តបណ្ដឹងរបស់ឈ្មោះ ផន សុខមុំ ភេទស្រី ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវជាបងបង្កើតជនបង្ក និងជាប្រពន្ធជនរងរបួស បច្ចុប្បន្ន ជនសង្ស័យដៃដល់សមត្ថកិច្ចនគរបាល កំពុងបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន