អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីសុខាភិបាលវៀតណាមម្នាក់ បានបញ្ជាក់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅដើមខែវិច្ឆិកានេះវៀតណាម មានមនុស្សចូលរួមចំនួន ២០នាក់អាចនឹងសាកល្បងវ៉ាក់សាំងCOVID-19 របស់ខ្លួនជាលើកដំបូង ។
ជាក់ស្តែងលោក Nguyen Ngo Quang អនុប្រធានរដ្ឋបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការហ្វឹកហ្វឺន នៃក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ វ៉ាក់សាំងមួយប្រភេទ ដែលត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology នឹងក្លាយជាវ៉ាក់សាំងដំបូងគេរបស់វៀតណាម ក្នុងការសាកល្បងលើមនុស្ស ប្រសិនបើទទួលបានការយល់ព្រម។
ទាក់ទិននឹងបញ្ហាខាងលើនេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានជំរុញឲ្យក្រុមហ៊ុន Nanogen ត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការសាកល្បងវ៉ាក់សាំងលើរោគវិនិច្ឆ័យនៃដំណាក់កាលទី៣ ផងដែរ។ ក្នុងពេលដំបូង វៀតណាម នឹងសាកល្បងលើមនុស្សចំនួន ២០នាក់បន្ទាប់មក ៦០០នាក់ និងចុងក្រោយគឺ ១ម៉ឺននាក់។ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុក Vietnam Express ។
បើគិតមកត្រឹមថ្ងៃទី៣ ខែវិច្ឆិកា វៀតណាម មានករណីឆ្លងCOVID-19 សរុបចំនួន ១១៩២ករណី អ្នកស្លាប់មានចំនួន ៣៥នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១០៦៥នាក់។
គួរបញ្ជាក់ថា ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុនNanogen វៀតណាម ក៏មានក្រុមហ៊ុន៣ផ្សេងទៀត កំពុងស្រាវជ្រាវរកវ៉ាក់សាំង COVID-19 ផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ ក្រុមហ៊ុន Vabiotech ក៏បានសាកល្បងលើសត្វស្វាចំនួន ១២ក្បាលផងដែរ និងត្រូវបានគេប៉ាន់ប្រមាណថា វ៉ាក់សាំងក្រុមហ៊ុនេះ នឹងឈានដល់ដំណាក់កាលចុងក្រោយប្រមាណរយៈពេល ១ខែទៀត៕ដោយ៖ស តារា