សមត្ថកិច្ចប្រមូលស្ត្រីលួចបំរើផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ចំនួន១៧នាក់យកទៅអប់រំ

ចែករំលែក៖

ខេត្ដសៀមរាប៖ ក្រុមនារីៗចំនួន១៧នាក់ ដែលគេសង្ស័យថា​លួចបំរើផ្លូវភេទ ជ្រកក្រោមស្លាកយីហោ ម៉ាស្សាកោសជប់ ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញ​ដូរមនុស្សនិងការពារអនី​តិជននៃ​ស្នងកា​រដ្ឋាននគរ​បាល​ខេត្តសៀមរាបបានដឹកនាំកម្លាំងចុះធ្វើការប្រមូលយកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់​ប្រព្រឹត្តតទៅទៀត។

ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ ៣០ ស្ថិតនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។

លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិង​ការពារអនីតិជននៃស្នងការ​ដ្ឋាននគរ​បាល​ខេត្តបានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងចុះធ្វើការប្រមូលស្រ្តីរកស៊ីផ្លូវភេទដែលជ្រកក្រោមពាក្យថា កោសជប់ និងម៉ាស្សាហើយសមត្ថកិច្ចប្រមូលបានស្រ្តីចំនួន១៧នាក់ នៅទីតាំងចំនួន១០ ក្នុងនោះជន​ជាតិខ្មែរ ចំនួន១៣នាក់ និងជនជាតិវៀតណាមចំនួន០៤នាក់។

លោកវរសេនីយ៍ទោ ដួង ថាវរី បានបន្តឲ្យ ដឹងថាស្រ្តីខាងលើនេះនៅពេលយប់តែងតែធ្វើសកម្មភាពបក់ដៃហៅភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យចូលកន្លែងរបស់ខ្លួនដែលជាហេតុធ្វើខូចនូវសណ្ដាប់ធ្នាប់សាធារណៈនិងប្រពៃណីជាតិខែ្មរនិងតំលៃស្រ្តីខ្មែរផងដែរ។

លោកស្រីវរសេនីយ៍ទោបានបញ្ជាក់បន្ថែមទៀតថាស្រ្តីដែលកម្លាំងសមត្ថកិច្ចប្រមូលបានទាំង១៧នាក់នេះត្រូវបាននាំមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តហើយបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់នៅសកម្មភាពដែលពួកគេបានធ្វើកន្លងមក។ បន្ទាប់ពីសួរនាំ រួចមកសមត្ថកិច្ចបានបញ្ជូនទៅ ធ្វើការអប់រំបន្ថែមទៀត៕

image

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print