ភ្នាក់ងារ CISA អាមេរិក អះអាងថា៖ គ្មានសត្រូវណាមានសមត្ថភាព លូកលាន់ ឬកែប្រែលទ្ធផលបោះឆ្នោត នៅអាមេរិកបានឡើយ

ចែករំលែក៖

អន្តរជាតិ៖ លោក គ្រីស ក្រេបស៍ (Chris Krebs) នាយកទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យាអាមេរិក (CISA) បានអះអាងថា ទីភ្នាក់ងាររបស់លោករកមិនឃើញភស្តុតាងជាក់លាក់ណាមួយ បង្ហាញពីការលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះទេ បើទោះជាមានការសង្ស័យជាច្រើនលើរុស្ស៊ីក៏ដោយ។

បើតាមការដកស្រង់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លោក Chris Krebs ដែលចេញផ្សាយនៅថ្ងៃពុធទី៤ ខែវិច្ឆិកាម្សិលមិញនេះថា៖«បន្ទាប់ពីប្រជាជនអាមេរិករាប់លាននាក់បានបោះឆ្នោត, យើងគ្មានភស្ដុតាងជាក់លាក់ណាមួយបង្ហាញថា សត្រូវណាមួយមានសមត្ថភាពរារាំង មិនឱ្យប្រជាជនអាមេរិកទៅបោះឆ្នោត ឬធ្វើឱ្យកែប្រែដល់លទ្ធផលបោះឆ្នោតនោះទេ» នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ថា យ៉ាងណាមិញ កាលពីថ្ងៃពុធដដែល (ពេលវេលានៅអាមេរិក) ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំបានដាក់ពាក្យបណ្ដឹងស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក៏ដូចជាបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ មីឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋ ចរជា (Georgia) ដែលរដ្ឋទាំងបីនេះមានអ្នកបោះឆ្នោតតំណាង ៥២រូប៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print