អាមេរិក​៖ កំពុងបង្កើន​សន្តិសុខ​ដើម្បីការពារ​អ្នក​​ទទួលបន្ទុក​​រាប់​សន្លឹកឆ្នោត ដែល​មិនទាន់​អស់​

ចែករំលែក៖

​អន្តរជាតិ៖ ​ការភ័យខ្លាច​កើនឡើង​ចំពោះ​សុវត្ថិភាព​អ្នក​រាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ប្រជែង​គ្នា​ខ្លាំង​ដែល​រាប់​មិនទាន់​អស់​ ខណៈដែលភាពតានតឹង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នៅមិនទាន់​ដឹង​លទ្ធផល​ដាច់​ស្រាច់​នៅឡើយ ទើបរដ្ឋ​ខ្លះ​ និង​មន្ត្រី​មូលដ្ឋានបង្កើន​សន្តិសុខដើម្បីការពារពួកគេ​ទាំងនេះ។​ ហើយ​ការតានតឹង បាន​រីក​កាន់តែ​ធំ​ឡើង នៅពេលដែល​ការចោទប្រកាន់​ពី​ភាពមិនប្រក្រតី​នៅក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត បាន​បណ្តាល​ឲ្យ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ខាងក្រៅ​បណ្តា​អគារ ដែល​គេ​កំពុងតែ​រាប់​សន្លឹកឆ្នោត​ជា​បន្ត​នោះ​។​

​ជាក់ស្តែងក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី Donald Trump និង​លោក Joe Biden គូប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់លោកបាន​បង្កើន​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​លើ​រដ្ឋ​មួយចំនួន ដូចជា​រដ្ឋ Arizona, Nevada និង​រដ្ឋ Pennsylvania ដែល​ការ​ប្រៀក​ប្រកិត​គ្នា​យ៉ាងខ្លាំង មិនអាច​ប្រកាស​លទ្ធផល​បាន​នៅឡើយ​។​

​បើតាមសម្តីលោក Joe Gloria ជា​អ្នក​កាន់​បញ្ជី​បោះឆ្នោត​នៅក្នុង​ស្រុក Clark នៃ​រដ្ឋ Nevada បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍នេះ​ថា​៖ «​ខ្ញុំ​មានការ​ព្រួយ​កង្វល់​អំពី​សុវត្ថិភាព​របស់​បុគ្គលិក​ខ្ញុំ​ណាស់​»​។​ បន្ថែមពីនេះលោក​ បាន​គូសបញ្ជាក់យ៉ាង​ដូច្នេះថា បន្ទាប់ពី​មនុស្ស​ប្រហែល ៧៥ នាក់ ដែល​អ្នកខ្លះ​ពាក់អាវ​យឺត​មាន​រូបលោក Trump បាន​ស្រែកថា «​ឈប់​លួច​សន្លឹកឆ្នោត​» ហើយ​បានធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ការិយាល័យ​បោះឆ្នោត កាលពី​យប់​ថ្ងៃ​ពុធ​។​

លោក Gloria ​បាន​បញ្ជាក់ទៀតថា​៖ «​យើង​កំពុង​ដាក់​វិធានការ​នៅនឹងកន្លែង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យើង មាន​សន្តិសុខ ដែល​នេះ​ជាការ​សំខាន់​។ យើង​មាន​មន្ត្រី​ពង្រឹង​ច្បាប់​ដែល​កំពុង​ការពារ​យើង​»​។​ បើទោះមិនមាន​សេចក្តីរាយការណ៍​ពី​អំពើហិង្សា​ក៏ពិតមែន ប៉ុន្តែ​ក្រោយពី​មានការ​ភ័យខ្លាច​ខ្លះ​បាន​កើតមានឡើង​នៅ​ទីកន្លែង​ផ្សេងទៀត​ក្នុង​សហរដ្ឋអាមេរិក​នោះ លោក Gloria ថ្លែងថា ការិយាល័យ​លោក មិនអាច​ធ្វេសប្រហែស​ទេ​។​

​ដោយឡែកនៅក្នុង​រដ្ឋ Arizona ដែល​នៅ​ជិត​នោះ មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ស្រុក Maricopa បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាពួកគេ​នឹង​កំណត់​ទីកន្លែង​មួ​យ​សម្រាប់​ក្រុមអ្នកតវ៉ា​ប្រឆាំង បញ្ចេញមតិ​របស់​ពួកគេ​ដោយ​សេរី ដោយមាន​ការសម្រួល​ពី​មន្ត្រីប៉ូលិស​។​

​សូមជម្រាបដែរថា ​កាលពី​យប់​ថ្ងៃ​ពុធសប្ដាហ៍នេះដែរ ក្នុង​ទីក្រុង Portland រដ្ឋ Oregon នាំ​ឲ្យ​មាន​អំពើហិង្សា​ដែល​នាំ​ឲ្យ​ប៉ូលីស​ចាប់ខ្លួន​មនុស្ស ១០ នាក់ និង​រឹបអូស​អាវុធ​ជាច្រើន​ដើម និង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​។​

​គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហាខាងលើ ក្រុមមន្ត្រី​ពង្រឹង​ច្បាប់ ដែលមាន​រួមទាំង​ក្រុមមន្ត្រី​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI ផង បាន​សម្តែង​នូវ​ការបារម្ភ​មុន​ការបោះឆ្នោត ខ្លាចក្រែង​សត្រូវ​អាមេរិក មានដូចជា​៖ រុស្ស៊ី អ៊ីរ៉ង់ និង​ចិន ជាដើម អាច​យក​ពេលវេលា​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទី ៣ វិច្ឆិកា ដើម្បី​អុចអាល​ឲ្យ​មាន​ភាពចលាចល ដែល​អាច​នាំ​ឲ្យ​មាន​អំពើហិង្សា​ផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print