ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei សម្រេចដាក់ពាក្យតវ៉ាប្រឆាំងបម្រាម 5G របស់ស៊ុយអែត

ចែករំលែក៖

អន្តរជាតិ៖ កាលពីដើមខែវិច្ឆិកានេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និងក្រុមហ៊ុនចិនមួយទៀតគឺ ZTE ត្រូវបានអាជ្ញាធរទូរគមនាគមន៍ស៊ុយអែត PTS ដាក់បម្រាមពាក់ព័ន្ធបណ្តាញ 5G ជុំវិញក្តីព្រួយបារម្ភបញ្ហាសន្តិសុខ។ ពេលនេះក្រុមហ៊ុន Huawei បានសម្រេចដាក់ពាក្យតវ៉ាប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ស៊ុយអែត ដែលបានហាមប្រាមការប្រើប្រាស់ឧបករណ៍របស់ខ្លួន នៅក្នុងបណ្តាញ 5G របស់ប្រទេសអឺរ៉ុបមួយនេះ។

បើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា ក្រុមហ៊ុនHuawei បានដាក់ពាក្យតវ៉ាទៅកាន់អាជ្ញាធរ PTS និងទៅកាន់តុលាការដ្ឋបាលនៃទីក្រុងស្តុកហូម ជាមួយការលើកឡើងថា បម្រាមរបស់ស៊ុយអែតគឺខ្វះមូលដ្ឋានគតិយុត្ត បំពានសិទ្ធិមូលដ្ឋានសិទ្ធិមនុស្ស រំលោភគោលការណ៍ គតិយុត្តរបស់សហភាពអឺរ៉ុប ហើយមិនត្រឹមត្រូវទាល់តែសោះ។

សូមជម្រាបថា ក្រោមក្របខណ្ឌនៃបម្រាមខាងលើ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយនៅស៊ុយអែត ដែលប្រើប្រាស់ឧបករណ៍ 5G របស់Huawei និង ZTE មានពេលត្រឹមខែមករា ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរសម្ភារៈទាំងនោះចេញឲ្យអស់ទាំងស្រុង។

គួរបញ្ជាក់ថា អាជ្ញាធរ PTS របស់ស៊ុយអែត បានបញ្ជាក់ថា បម្រាមរបស់ខ្លួនគឺស្របទៅតាមច្បាប់ថ្មីមួយរបស់ប្រទេសស៊ុយអែត ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២០នេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print