ក្រសួងធនធានទឹក៖ កម្ពុជារងកូនព្យុះ ទី២១ ឈ្មោះអេតូ ( ETAU ) បង្កឱ្យមានភ្លៀងខ្យល់ក្នុងកម្រិតបង្គួរ ទៅច្រើន ចាប់ពីយប់ថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជារងកូនព្យុះ ទី២១ ឈ្មោះអេតូ ( ETAU ) បង្កឱ្យមានភ្លៀងខ្យល់ក្នុងកម្រិតបង្គួរ ទៅច្រើន ចាប់ពីយប់ថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា យោងការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិសម្ពាធ ( Tropical Depression ) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះ ទី ២១ ឈ្មោះ អេតូ ( ETAU ) នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ ( Tropical Depression ) ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេស វៀតណាម នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប ( Low Pressure ) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖

– បណ្តារាជធានី ខេត្តនៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីបង្គួរទៅច្រើន ។
– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យម ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print