ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីតារាចម្រៀងលោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ។ កាន់តែចាប់អារម្មណ៍ក្រោយពីលោកបានបង្ហើបរឿងមានស្នេហាជាមួយនារីម្នាក់ជាអាណិកជននៅប្រទេសបារាំងរយៈពេល៥ឆ្នាំកន្លងមកហើយ។
បើទោះបីជាមិនទាន់អាចបង្ហោះមុខដោយបើកចំហក្តីក៏អ្នកស្និទ្ធនឹងតារាចម្រៀងរូបនេះបានលើកឡើងថា អនគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយ។ ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀងខេមបានបង្ហើបថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ដែលជាអាណិកជននៅប្រទេសបារាំងមិនមែនជាអ្នកសិល្បៈទេហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំកន្លងមកហើយពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។ លោកបន្តថា នៅមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ឬពេលវេលារៀបមង្គលការបើទោះបីជាច្បាស់លាស់ជាមួយគ្នាទៅហើយក្តី។ លោកមិនមានគម្រោងចេញទៅរស់នៅប្រទេសបារាំងឡើយ ហើយការបើកដំណើរការអាជីវកម្មថ្មីនេះនឹងជាក្លាយជាមុខរបរលំនឹងមួយសម្រាប់លោកនិងអនាគតភរិយា ។ លោកថាហាង យីហោ T & Yនេះចាយទុនប្រមាណ២០ម៉ឺនដុល្លារអាមេរិក និងមិនមានការរួមចំណែកពីអនាគតភរិយានោះឡើយ។
ប្រភពពីអ្នកសិល្បៈម្នាក់បានទម្លាយថា នារីរូបស្រស់នេះមានឈ្មោះស្រីកា មុខមាត់ស្រស់សោភាខ្លាំងមិនចាញ់តារាសម្តែងឡើយ។ នាងមានសម្បុរស ច្រមុះស្រួច ស្បែកសភ្លឺថ្លាមានវ័យប្រមាណជិត៣០ឆ្នាំប៉ុណ្ណោះ។ ក្រៅពីមានរូបរាងស្រស់ស្អាតមិនចាញ់តារាៗនោះនាងក៏មានអត្តចរិករួសរាយរាក់ទាក់ គឺនាងបានដើរស្វាគមន៍ភ្ញៀវដែលចូលរួមកម្មវិធីខាងលើផងដែរ។ តារារូបនេះទទួលបានការកោសរសើរខ្លាំងពីមិត្តរួមអាជីពថាក្រៅតែរកបាននារីស្រស់សោភាជាសង្សារ នាងក៏មានអត្តចរិករួសរាយរាក់ទាក់ហើយអ្នកជិតដិតលោក ខេមសុទ្ធតែដឹងថាពួកគេភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងស្អិតរមួយដូចប្តីប្រពន្ធហើយ៕