ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់​ជិះម៉ូតូចូលវាយជនរងគ្រោះដល់ក្នុងភូមិ​ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានជិះម៉ូតូជាង១០គ្រឿងចូលវ៉ៃនិងកាប់យុវជន៣ទៅ៤នាក់​ដែលកំពុងអង្គុយលេងក្បែរផ្ទះក្នុងភូមិ​របស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០​ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ជាប់ប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ បេីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​ ប្អូនរបស់គាត់​ឈ្មោះ សួន សាវុធ អាយុ២០ឆ្នាំ រួមនឹងមិត្តភក្តិ២ទៅ៣នាក់ទៀតទាំងជនរងគ្រោះរងរបួសធ្ងន់​ផង បាននាំគ្នាអង្គុយលេងក្បែរមាត់ប្រឡាយទឹកស្អុយស្ទឹងមានជ័យ កន្លែងកើតហេតុខាងលើ ។ ភ្លាមនោះស្រាប់តែលេចមុខក្រុមក្មេងស្ទាវជាង២០នាក់ជិះម៉ូតូជាង១០គ្រឿង ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានចូលទៅវាយនិងកាប់ជនរងគ្រោះ​ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងចាស់ទាំងក្មេងមានការភិតភ័យមិនហ៊ានចេញពីផ្ទះ។ ចំណែកឯសាច់ញាតិជនរងគ្រោះបានចេញមកធ្វើអន្តរាគមន៍ បណ្តាលឲ្យក្រុមក្មេងស្ទាវទាំងនោះនាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុភ្លាមៗ ដោយបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1GM-0256 ដោយមានសៀតដាវកែច្នៃ១ដើម និងដែកឆាបតូច១ដើម។

​ តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលក្រុមក្មេងស្ទាវទាំងនោះជិះម៉ូតូឡើងដល់លើស្ពានអាកាសស្ទឹងមានជ័យបានផ្ទុះសំឡេងដូចគ្រាប់កាំភ្លើង១គ្រាប់ដើម្បីគេចខ្លួនផងដែរ​។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចយកម៉ូតូដែលក្រុមជនសង្ស័យបន្សល់ទុកនៅទីតាំងកើតហេតុខាងលើ យកទៅទុករក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ដើម្បីធ្វើការស្រាវជ្រាវបន្តតាមជំនាញ​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print