ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ០៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥និង១២ នាទី គណៈប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ជាប្រធាន បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។
សូមជម្រាបថា៖ នេះជាការអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ដោយ៖ សុខ ខេមរា