ខេត្តកែបៈ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានរៀបចំពិធីផ្សព្វផ្សាយស្ដីពីការប្រើប្រាស់បណ្ដាញសង្គម (Facebook) ដល់នាយ នាយរង អាវុធហត្ថទូទាំងខេត្ត ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ក្នុងនោះមានការអញ្ជើញចូលរួមពីនាយ នាយរង មកពីអង្គភាពតាមបណ្ដាលស្រុក ការិយាល័យ ផ្នែកចំណុះឲ្យកងរាជអាវុធហត្ថខេត្ត។
គួររំលឹកថា កន្លងទៅលោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុក ព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Facebook) ដល់នាយអាវុធហត្ថ ថ្នាក់មេបញ្ជាការរងខេត្ត សេនាធិការ នាយ នាយរងការិយាល័យទាំង២៥រាជធានីខេត្តចំណុះឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលាកងរាជអាវុធហត្ថកំបូល។
ការផ្សព្វផ្សាយស្ដីពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមគឺលោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងលើផ្ទៃប្រទេសបានធ្វើការណែនាំដល់នាយអាវុធហត្ថត្រូវធ្វើយ៉ាងណាឲ្យការប្រើប្រាស់ហ្វេសប៊ុកមានសារៈសំខាន់ អត្ថប្រយោជន៍ដល់អង្គភាព និងការរីកចម្រើនខ្លួនឯង ជាពិសេសត្រូវបានផ្សព្វផ្សាយរាល់ការអភិវឌ្ឍអង្គភាពនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសប្រកបដោយភាពរីកចម្រើន។
ការប្រើប្រាស់ហ្វេសប៊ុកជៀសវៀងបង្កើតឲ្យមានព័ត៌មានមិនច្បាស់ បំប៉ោងសភាពការ ឬការកាត់តរូបភាពផ្សេងៗខុសពីប្រក្រតី បង្កឲ្យមានការជ្រួលច្របល់ក្នុងសង្គមជាដើម៕
ដោយ៖ សុខ ខេមរា