អន្តរជាតិ៖ ជាថ្មីម្តងទៀតបន្ទាប់ពីអាមេនី និងអាស៊ែបៃហ្សង់យល់ព្រមលើបទឈប់បាញ់ ដែលរុស្ស៊ីទើបតែជួយជ្រោមជ្រែងនោះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រុស្ស៊ីកំពុងបញ្ជូនកងរក្សាសន្តិភាពទៅតំបន់ជម្លោះNagorno-Karabakh ។ មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៉ីរូបនេះ បានសង្កត់ធ្ងន់ថា ការរក្សាសន្តិភាពក្នុងតំបន់ជម្លោះ នឹងបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយសមស្របមួយ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា កិច្ចព្រមព្រៀងថ្មី ដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំអាមេនី អាស៊ៃបៃហ្សង់និងរុស្ស៊ី នឹងបញ្ឈប់រាល់ប្រតិបត្តិការយោធាទាំងអស់នៅត្រឹមថ្ងៃទី១០ វិច្ឆិកានេះ។ ខណៈការប្រយុទ្ធគ្នាក្នុងតំបន់ Nagorno-Karabakh អស់រយៈពេលជិត២ខែមកនេះបណ្តាលឲ្យកងទ័ពរាប់ពាន់នាក់ស្លាប់ និងជនស៊ីវិលរាប់ម៉ឺននាក់ភៀសខ្លួន។
លោកពូទីន ប្រមុខរដ្ឋរុស្ស៊ី បញ្ជាក់ទៀតថា ទ័ពរុស្ស៊ីនឹងឈរជើងនៅសមរភូមិមុខក្នុងតំបន់ Nagorno-Karabakh និងច្រកចេញចូលទៅកាន់ទឹកដីអាមេនី។ ចំណែកចំណុចសំខាន់នៃកិច្ចព្រមព្រៀងខាងលើ ភាគីជម្លោះយល់ព្រមឲ្យរុស្ស៊ីដាក់កងទ័ពរក្សាសន្តិភាពយ៉ាងហោចណាស់៥ឆ្នាំ។
សូមជម្រាបថា ក្នុងការប្រយុទ្ធគ្នារយៈពេល៦សប្តាហ៍មកនេះ កងទ័ពអាស៊ែបៃហ្សង់ កាន់កាប់បានទឹកដីមួយចំនួនមកវិញ។ តំបន់Nagorno-Karabakh គ្រប់គ្រងដោយក្រុមឧទ្ទាមដើមកំណើតអាមេនី។ ព្រោះតំបន់ Nagorno-Karabakh ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាផ្នែកមួយរបស់អាស៊ែបៃហ្សង់ ស្ថិតក្រោមការគ្រប់គ្រងដោយប្រយោលពីអាមេនីតាំងតែពីឆ្នាំ១៩៩៤មកម្ល៉េះ ។
កិច្ចព្រមព្រៀងខាងលើនេះ ក៏អនុញ្ញាតផងដែរឲ្យអាស៊ៃបៃហ្សង់គ្រប់គ្រងទឹកដីដែលខ្លួនដណ្តើមបានមកវិញ ដូចជាទីក្រុង Shusha ។ចំណែកឯក្រុមផ្តាច់ខ្លួន ត្រូវប្រគល់ការគ្រប់គ្រងទឹកដីប៉ុន្មានកន្លែងផ្សេងទៀតឲ្យអាស៊ែបៃហ្សង់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ ធ្នូ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងកម្លាំងចំនួន១,៩៦០នាក់ កំពុងធ្វើដំណើរទៅកាន់បន្ទាយមួយកន្លែង ដោយយកទៅជាមួយនូវយុទ្ធោបករណ៍ និងយានយន្តផងដែរ។
ប្រមុខរដ្ឋរុស្ស៊ីរូបនេះ បានអះអាងទៀតថា៖«យើងកំពុងធ្វើប្រតិបត្តិការ ដោយផ្នែកលើកិច្ចព្រមព្រៀង ដើម្បីបង្កើតលក្ខខណ្ឌសមស្របសម្រាប់ដំណោះស្រាយជម្លោះមួយដែលពេញលេញ និងយូរអង្វែង នៅតំបន់ Nagorno-Karabakh ដោយយុត្តិធម៌ នឹងដើម្បីប្រយោជន៍ប្រជាជនអាមេនី និងអាស៊ែបៃហ្សង់»។
គួរបញ្ជាក់ថា លោកពូទីន ក៏អះអាងផងដែរថា ប្រជាជនដែលត្រូវបានជម្លៀសខ្លួនចេញពីតំបន់ Nagorno-Karabakh អាចត្រឡប់ទៅផ្ទះសម្បែងវិញ ហើយភាគីទាំងសងខាងនឹងចាប់ផ្តើមដោះដូរអ្នកទោសសង្គ្រាម ក៏ដូចជាសាកសពផងដែរ។ ចំណែកឯបណ្តាញសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់វិញ នឹងត្រូវបើកសារជាថ្មីដោយមានការសម្រួលពីឆ្មាំព្រំដែនរុស្ស៊ី៕ដោយ៖ស តារា