មេដឹកនាំរុស្ស៊ី​៖ រុស្ស៉ីកំពុង​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​តំបន់​ជម្លោះ Nagorno-Karabakh

ចែករំលែក៖

អន្តរជាតិ៖ ជាថ្មីម្តងទៀតបន្ទាប់ពី​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​យល់ព្រម​លើ​បទ​ឈប់​បាញ់ ដែល​រុស្ស៊ី​ទើបតែ​ជួយ​ជ្រោមជ្រែង​នោះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បានអះអាង​ថា រុស្ស៊ី​កំពុង​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​តំបន់​ជម្លោះNagorno-Karabakh ។ មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៉ីរូបនេះ បានសង្កត់ធ្ងន់ថា ការរក្សា​សន្តិភាព​ក្នុង​តំបន់​ជម្លោះ នឹង​បើកផ្លូវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បានចេញផ្សាយថា កិច្ចព្រមព្រៀង​ថ្មី ដែល​ចុះហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​អា​មេ​នី អា​ស៊ៃ​បៃ​ហ្ស​ង់និង​រុស្ស៊ី នឹង​បញ្ឈប់​រាល់​ប្រតិបត្តិការ​យោធា​ទាំងអស់​នៅត្រឹម​ថ្ងៃទី​១០ វិច្ឆិកា​នេះ​។ ខណៈការប្រយុទ្ធ​គ្នា​ក្នុង​តំបន់ Nagorno-Karabakh អស់រយៈពេល​ជិត​២​ខែ​មកនេះ​បណ្តាល​ឲ្យ​កងទ័ព​រាប់ពាន់នាក់​ស្លាប់ និង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ភៀសខ្លួន​។

​លោកពូ​ទីន ប្រមុខរដ្ឋ​រុស្ស៊ី បញ្ជាក់ទៀតថា​ ទ័ព​រុស្ស៊ី​នឹង​ឈរជើង​នៅ​សមរភូមិ​មុខ​ក្នុង​តំបន់ Nagorno-Karabakh និង​ច្រកចេញចូល​ទៅកាន់​ទឹកដី​អា​មេ​នី​។​ ចំណែកចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​ខាងលើ ភាគី​ជម្លោះ​យល់ព្រម​ឲ្យ​រុស្ស៊ី​ដាក់​កងទ័ព​រក្សា​សន្តិភាព​យ៉ាងហោចណាស់​៥​ឆ្នាំ​។

​សូមជម្រាបថា ក្នុងការ​ប្រយុទ្ធ​គ្នា​រយៈពេល​៦​សប្តាហ៍​មកនេះ កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ កាន់កាប់​បាន​ទឹកដី​មួយចំនួន​មកវិញ​។ តំបន់​Nagorno-Karabakh គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ដើមកំណើត​អា​មេ​នី​។​ ព្រោះតំបន់ Nagorno-Karabakh ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ជា​ផ្នែក​មួយ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ប្រយោល​ពី​អា​មេ​នី​តាំងតែ​ពី​ឆ្នាំ​១៩៩៤​មកម្ល៉េះ ។

​កិច្ចព្រមព្រៀង​ខាងលើនេះ ក៏​អនុញ្ញាត​ផងដែរ​ឲ្យ​អា​ស៊ៃ​បៃ​ហ្ស​ង់​គ្រប់គ្រង​ទឹកដី​ដែល​ខ្លួន​ដណ្តើមបាន​មកវិញ ដូចជា​ទីក្រុង Shusha ។ចំណែកឯ​ក្រុម​ផ្តាច់ខ្លួន ត្រូវប្រគល់​ការគ្រប់គ្រង​ទឹកដី​ប៉ុន្មាន​កន្លែង​ផ្សេងទៀត​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​១ ធ្នូ​។​ ស្របពេល​ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាងថា​កងកម្លាំង​ចំនួន​១,៩៦០​នាក់ កំពុងធ្វើដំណើរ​ទៅកាន់​បន្ទាយ​មួយកន្លែង ដោយ​យកទៅ​ជាមួយ​នូវ​យុទ្ធោបករណ៍ និង​យានយន្ត​ផងដែរ​។​

ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ បានអះអាងទៀតថា៖«​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ ដោយ​ផ្នែក​លើ​កិច្ចព្រមព្រៀង ដើម្បី​បង្កើត​លក្ខខណ្ឌ​សមស្រប​សម្រាប់​ដំណោះស្រាយ​ជម្លោះ​មួយ​ដែល​ពេញលេញ និង​យូរអង្វែង នៅ​តំបន់ Nagorno-Karabakh ដោយ​យុត្តិធម៌ នឹង​ដើម្បី​ប្រយោជន៍​ប្រជាជន​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​»​។

គួរបញ្ជាក់ថា លោកពូ​ទីន ក៏​អះអាង​ផងដែរ​ថា ប្រជាជន​ដែល​ត្រូវបាន​ជម្លៀស​ខ្លួន​ចេញពី​តំបន់ Nagorno-Karabakh អាច​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ ហើយ​ភាគី​ទាំងសងខាង​នឹង​ចាប់ផ្តើម​ដោះដូរ​អ្នកទោស​សង្គ្រាម ក៏ដូចជា​សាកសព​ផងដែរ​។ ចំណែកឯ​បណ្តាញ​សេដ្ឋកិច្ច និង​ដឹកជញ្ជូន​ក្នុង​តំបន់​វិញ នឹងត្រូវ​បើក​សារជាថ្មី​ដោយមាន​ការសម្រួល​ពី​ឆ្មាំ​ព្រំដែន​រុស្ស៊ី​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print