តាមសារព័ត៌មាន Newsweek បានផ្សាយនៅថ្ងៃទី ១១ខែវិច្ឆិកាថា ក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS នៅប្រទេសម៉ូហ្សំប៊ិកបានបង្កសោកនាដកម្ម
ដោយកាត់ក្បាលមនុស្សជាង៥០នាក់នៅក្នុងទីលានបាល់ទាត់ ក្នុងភូមិស្ថិតនៅក្នុងខេត្ត Cabo Delgado ។
មន្ត្រីCabo Delgado បានបញ្ជាក់ថា ជនរងគ្រោះត្រូវក្រុមភេរវកម្មសម្លាប់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្នុងចំណោមសាកសពទាំងអស់ មានជាង៥០ ត្រូវគេកាត់ក្បាល ដោយមិនដឹងថាខ្លួនមួយណាក្បាលមួយណាឡើយ។ក្នុងចំណោមជនរងគ្រោះគេឃើញមានកុមារ១៥នាក់ ។ ជនរងគ្រោះទាំងនោះចូលរួមក្នុងកម្មវិធីមួយហើយត្រូវបានក្រុមភេរវកម្មចាប់យកមកទីតាំងខាងលើសម្លាប់ ។
កម្លាំងប៉ូលិស Mozambique បានបញ្ជាក់ថា ក្រុមភេរវកម្មមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម បានបើកការវាយប្រហារនៅក្នុងស្រុកMiudumbe និង Macomia ស្ថិតនៅក្នុងខេត្ត Cabo Delgado សម្លាប់មនុស្សជាច្រើន ដុតផ្ទះ និងចាប់ជំរិត។
រដ្ឋាភិបាលធ្លាប់បានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមទប់ស្កាត់ក្រុមភេរវកម្មដែលបានសម្លាប់ពលរដ្ឋក្នុងប្រទេសនេះអស់ជាច្រើន។ ក្រុមដែលសម្លាប់មនុស្សច្រើនជាងគេក្នុងប្រទេសនេះគឺក្រុម Al-Shabab ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្ម IS ៕