ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលប៉ុស្តិម្នាក់ នៅប៉ុស្តិគោកបន្ទាយ បានប្រើអំពើហឹង្សាវាយធ្វើបាបប្រពន្ធ ស្ទើរតែរាល់ថ្ងៃ ដោយទ្រាំមិនបាននឹងសកម្មភាពវាយធ្វើបាបនេះ ប្រពន្ធបានរត់មកប្តឹងសមាគមសិទ្ធិមនុស្សអាដហុកកាល ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ដើម្បីអោយជួយអន្តរាគមន៍ ។
ស្ត្រី ឈ្មោះសែន រី អាយុ៣៨ឆ្នាំ ជាប្រពន្ធរបស់មន្រ្តីនគរបាលប៉ុស្តិរដ្ឋបាលនេះ បានរៀបរាប់ថា ពីមុនគាត់មានប្តីម្តងរួចមកហើយ និងមានកូន៥នាក់ ប៉ុន្តែបានលែងលះគ្នាហើយ ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះគឺជាង៣ខែ នេះ រូបគាត់បានស្គាល់មន្ត្រីនគរបាលប៉ុស្តិគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ម្នាក់ឈ្មោះ មិត្ត សុធា ហើយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ពុំរៀបការឡើយ ។
ក្នុងការដែលរស់នៅជាមួយប្តីជាមួយន្ត្រីប៉ូលីសប៉ុស្តិនេះ គេតែងតែវាយធ្វើបាបគាត់ ជាញឹកញាប់ ដោយសាររឿងប្រច័ណ្ឌ ។ លើកចុងក្រោយគឺនៅថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៦គាត់បានទៅបេះឈូកនៅខាងក្រោយភូមិ ស្រាប់តែប្តីរបស់គាត់ ដើរទៅកន្លែងបេះឈូកថា រួចបានចោទថា គាត់មានប្រុស សាហាយ និងបានវាយធ្វើបាបគាត់យ៉ាងខ្លាំង និង បានចាប់កាត់សក់គាត់ចោលទៀត និងបាននិយាយជម្រុញអោយគាត់ជាប្រពន្ធទៅប្តឹងឯណាប្តឹងទៅ ។
ស្ត្រីរូបនេះ បានបញ្ជាក់ទៀតថា ដោយសារទ្រាំនិងការវាយធ្វើបាបរបស់ប្តីប៉ូលីសនេះមិនបាន ទើបគាត់មកប្តឹងអង្គការសិទ្ធិមនុស្សអោយមកជួយអន្តរាគមន៍តែម្តង ។
លោក មិត្ត សុធា មន្ត្រីនគរបាលប៉ុស្តិគោកបន្ទាយ ជាប្តីរបស់ស្ត្រីឈ្មោះសែន រី មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ៕
ដោយ៖ ចន្ថា