អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី១១ វិច្ឆិកាម្សិលមិញនេះ បានបញ្ជាក់ថា មហាក្សត្រថៃមហា វជិរាលង្ករណ៍ ពុំបានប្រព្រឹត្តសកម្មភាពខុសច្បាប់អ្វីឡើយ ក្នុងអំឡុងពេលព្រះអង្គគង់នៅ ប្រទេសអាល្លឺម៉ង់។ រដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងបែបនេះ ស្របពេលដែលបាតុកម្មរបស់យុវជន និងនិស្សិតថៃកំពុងតែបន្តទាមទារឲ្យកំណែទម្រង់របបរាជានិយម និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសអាល្លឺម៉ង់ រំពឹងថា មហាក្សត្រថៃនឹងមិនសម្រេចព្រះទ័យណាមួយដែលផ្ទុយពីប្រព័ន្ធច្បាប់អាល្លឺម៉ង់ ច្បាប់អន្តរជាតិ ឬសិទ្ធិមនុស្សដែលទទួលស្គាល់ជាអន្តរជាតិឡើយ។
បើតាមរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Mass លើកឡើងថា មិនទាន់ខុសច្បាប់អ្វីទេ។ ក្នុងចម្លើយតបទៅនឹងសំណួរពីសមាជិកសភាអាល្លឺម៉ង់ លោក Heiko អះអាងថា៖« រដ្ឋាភិបាល រកមិនឃើញភស្តុតាងណាដែលមហាក្សត្រថៃសម្រេចព្រះទ័យណាមួយពេលគង់នៅអាល្លឺម៉ង់ឡើយ»។
សូមជម្រាបថា មហាក្សត្រថៃមហា វជិរាលង្ករណ៍ ចំណាយពេលមួយភាគធំក្នុងប៉ុន្មានឆ្នាំចុងក្រោយរបស់ព្រះអង្គក្នុងរដ្ឋ Bavaria ក្នុងទឹកដីអាល្លឺម៉ង់។ ជាក់ស្តែងកាលពីថ្ងៃទី២៧ តុលា កន្លងទៅ បាតុករថៃ បានដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់នៅទីក្រុងបាងកក ទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ស៊ើបអង្កេតលើសកម្មភាពមហាក្សត្ររបស់ខ្លួនថា តើព្រះអង្គបានប្រើប្រាស់អំណាយ ដោយបំពានច្បាប់អាល្លឺម៉ង់ដែរឬទេ។
គួររម្លឹកថា រយៈពេលជាង៤ខែមកហើយដែល ក្រុមបាតុករនិស្សិត និងយុវជនទាមទារឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញដែលក្នុងនោះរួមមានការកាត់បន្ថយអំណាចព្រះមហាក្សត្រ ហាមមិនឲ្យព្រះអង្គគាំទ្ររដ្ឋប្រហារ ក៏ដូចជាលុបចោលច្បាប់ទាំងឡាយណាដែលហាមឃាត់ការពិភាក្សាពីបញ្ហារាជវង្សផង។ នៅថ្ងៃទី៨ វិច្ឆិកា បាតុករព្យាយាមដាក់លិខិតដោយផ្ទាល់ថ្វាយមហាក្សត្រដោយទាមទារឲ្យមានកំណែទម្រង់។ មិនទាំងទាន់បានធ្វើដំណើរដល់ព្រះបរមរាជវាំងផង ហ្វូងបាតុករត្រូវបានប៉ូលិសបំបែក។
គួរបញ្ជាក់ថា មហាក្សត្រ មហា វជិរាលង្ករណ៍ ក្នុងដំណើរទៅខេត្តកាន់ឧត្តរធានី បានសរសេរព្រះរាជសារស្តីពីសេចក្តីស្នេហា និងការរួបរួមជាតិ។ ក្នុងព្រះរាជសាររបស់ព្រះអង្គទៅកាន់អភិបាលខេត្ត ព្រះអង្គមានបន្ទូលថា៖« យើងស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក។ មើលថែប្រទេស ជួយគ្នាក្នុងការការពារប្រទេសដោយសេចក្តីល្អ ដើម្បីវិបុលភាព និងភាពជាថៃ»។
ជាមួយគ្នានេះ ក្នុងអំឡុងពេលចុះជួបជាមួយប្រជារាស្ត្រ មហាក្សត្រថៃថែមទាំងបានចារលើរូបថតមួយសន្លឹកដែលហុចថ្វាយដោយប្រជាជនថា «ស្រឡាញ់ប្រជាជាតិ ស្រឡាញ់ប្រជាជន ស្រឡាញ់ពេញចិត្តភាពជាថៃ សុភមង្គលពិតប្រាកដ»៕ដោយ៖ស តារា