រដ្ឋាភិបាល​អាល្លឺម៉ង់ ថា៖ មហាក្សត្រ​ថៃ​មហា វ​ជិ​រាល​ង្ក​រណ៍ ពុំបាន​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​អ្វី​ឡើយ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋាភិបាល​អាល្លឺម៉ង់​ កាលពីថ្ងៃទី​១១ វិច្ឆិកា​ម្សិលមិញនេះ បានបញ្ជាក់ថា មហាក្សត្រ​ថៃ​មហា វ​ជិ​រាល​ង្ក​រណ៍ ពុំបាន​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​អ្វី​ឡើយ ក្នុងអំឡុងពេលព្រះអង្គ​គង់នៅ​ ប្រទេសអាល្លឺម៉ង់​។ ​រដ្ឋា​ភិ​បាល​អាល្លឺម៉ង់​ បានលើកឡើងបែបនេះ​ ស្របពេល​ដែល​បាតុកម្ម​របស់​យុវជន និង​និស្សិត​ថៃ​កំពុងតែបន្ត​ទាមទារ​ឲ្យ​កំណែទម្រង់​របបរាជានិយម និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រីប្រា​យុទ្ធ ចន្ទ​អូ​ចា ចុះ​ចេញពី​តំណែង​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ រំពឹងថា មហាក្សត្រ​ថៃ​នឹងមិន​សម្រេច​ព្រះទ័យ​ណាមួយ​ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​ច្បាប់​អាល្លឺម៉ង់ ច្បាប់​អន្តរជាតិ ឬ​សិទ្ធិមនុស្ស​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ឡើយ​។​

បើតាមរដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Heiko Mass លើកឡើងថា មិនទាន់​ខុសច្បាប់​អ្វី​ទេ​។​ ក្នុង​ចម្លើយ​តប​ទៅនឹង​សំណួរ​ពី​សមាជិកសភា​អាល្លឺម៉ង់ លោក Heiko អះអាងថា​៖« រដ្ឋាភិបាល រក​មិនឃើញ​ភស្តុតាង​ណា​ដែល​មហាក្សត្រ​ថៃ​សម្រេច​ព្រះទ័យ​ណាមួយ​ពេល​គង់នៅ​អាល្លឺម៉ង់​ឡើយ​»​។​

​សូមជម្រាបថា មហាក្សត្រ​ថៃ​មហា វ​ជិ​រាល​ង្ក​រណ៍ ចំណាយពេល​មួយ​ភាគ​ធំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​របស់​ព្រះអង្គ​ក្នុង​រដ្ឋ Bavaria ក្នុង​ទឹកដី​អាល្លឺម៉ង់​។ ជាក់ស្តែងកាលពី​ថ្ងៃទី​២៧ តុលា កន្លងទៅ បាតុករ​ថៃ បានដាក់​ញត្តិ​ទៅ​ស្ថានទូត​អាល្លឺម៉ង់​នៅ​ទីក្រុង​បាងកក ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ស៊ើបអង្កេត​លើ​សកម្មភាព​មហាក្សត្ររ​បស់​ខ្លួន​ថា តើ​ព្រះអង្គ​បាន​ប្រើប្រាស់​អំ​ណាយ ដោយ​បំពាន​ច្បាប់​អាល្លឺម៉ង់​ដែរឬទេ​។​

គួររម្លឹកថា រយៈពេលជាង​៤​ខែ​មកហើយ​ដែល ក្រុមបាតុករ​និស្សិត និង​យុវជន​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដែល​ក្នុងនោះ​រួមមាន​ការកាត់បន្ថយ​អំណាច​ព្រះមហាក្សត្រ ហាម​មិន​ឲ្យ​ព្រះអង្គ​គាំទ្រ​រដ្ឋប្រហារ ក៏ដូចជា​លុបចោល​ច្បាប់​ទាំងឡាយណា​ដែល​ហាមឃាត់​ការពិភាក្សា​ពី​បញ្ហា​រាជវង្ស​ផង​។ នៅ​ថ្ងៃទី​៨ វិច្ឆិកា បាតុករ​ព្យាយាម​ដាក់​លិខិត​ដោយផ្ទាល់​ថ្វាយ​មហាក្សត្រ​ដោយ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​។ មិន​ទាំង​ទាន់​បានធ្វើ​ដំណើរ​ដល់​ព្រះបរមរាជវាំង​ផង ហ្វូង​បាតុករ​ត្រូវបាន​ប៉ូលិស​បំបែក​។​

​គួរបញ្ជាក់ថា មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ក្នុង​ដំណើរ​ទៅ​ខេត្ត​កាន់​ឧ​ត្ត​រ​ធានី បាន​សរសេរ​ព្រះរាជសារ​ស្តីពី​សេចក្តីស្នេហា និង​ការរួបរួម​ជាតិ​។ ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​ទៅកាន់​អភិបាលខេត្ត ព្រះអង្គ​មានបន្ទូលថា​៖« យើង​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅវិញទៅមក​។ មើលថែ​ប្រទេស ជួយ​គ្នា​ក្នុងការ​ការពារ​ប្រទេស​ដោយ​សេចក្តី​ល្អ ដើម្បី​វិបុលភាព និង​ភាពជា​ថៃ​»​។​

​ជាមួយគ្នានេះ ក្នុងអំឡុងពេល​ចុះ​ជួប​ជាមួយ​ប្រជារាស្ត្រ មហាក្សត្រ​ថៃ​ថែមទាំង​បាន​ចា​រលើ​រូបថត​មួយ​សន្លឹក​ដែល​ហុច​ថ្វាយ​ដោយ​ប្រជាជន​ថា «​ស្រឡាញ់​ប្រជាជាតិ ស្រឡាញ់​ប្រជាជន ស្រឡាញ់​ពេញចិត្ត​ភាពជា​ថៃ សុភមង្គល​ពិតប្រាកដ​»៕ដោយ៖ស តារា

...

German Foreign Minister Heiko Maas addresses the media during a statement at the foreign ministry in Berlin, Germany, Wednesday, June 3, 2020. Germany’s government says it plans to lift a travel warning for European countries on June 15. (Kay Nietfeld/dpa via AP)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print