រដ្ឋាភិបាលថៃ៖ ប្រកាសហាមឃាត់មិនឲ្យមានព្រះសង្ឃ និងលោកនេន ចូលរួមធ្វើបាតុកម្ម

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរាយការណ៍ការិយាល័យពុទ្ធសាសនា (NOB) បានចេញសេចក្តីបញ្ជាមួយនាពេលថ្មីៗនេះថា ហាមឃាត់ព្រះសង្ឃនិងលោកនេន មិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១២ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជាក់ស្តែងប្រធានការិយាល័យពុទ្ធសាសនាលោក Narong Songarom បានបញ្ជាក់ថា ការិយាល័យ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃបានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃ និងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយនោះទេ ហើយអ្នកដែលល្មើសនឹងត្រូវចាប់ផ្សឹក។

ប្រធានការិយាល័យពុទ្ធសាសនារូបនេះ ចំពោះការអត្ថាធិប្បាយរបស់លោក គឺជាការឆ្លើយតបនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងរូបថតមួយចំនួន ដែលបានបង្ហាញពីវត្តមានរបស់ព្រះសង្ឃ និងលោកនេន បានចូលរួមក្នុងការប្រឆាំងរដ្ឋាភិបាល។ ពួកគេបានចូលរួមក្នុងការតវ៉ា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពី NOB ក៏ដោយ។

លោក Narong Songarom បន្តថា ពួកគេមួយក្រុមបានលើកបដាដែលទាមទារសិទ្ធិបោះឆ្នោត ខណៈដែលព្រះសង្ឃត្រូវបានហាមឃាត់មិនឱ្យបោះឆ្នោតនោះទេ។ ខ្លះទៀតក៏បានចោទសួរថា ហេតុអ្វីពួកគេត្រូវកោររោមចិញ្ចើមរបស់ពួកគេ? – សូមជម្រាបដែរថា ពួកគាត់ក៏ជាផ្នែកមួយនៃការតវ៉ានៅថ្ងៃទី០៨ ខែវិច្ឆិកា នៅទីក្រុងបាងកកផងដែរ។

បើយោងទៅតាមសេចក្តីសម្រេចចុងក្រោយរបស់ NOB បានគូសបញ្ជាក់ថា ព្រះសង្ឃ និងលោកនេន អាចប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដែលអាចឈានដល់ការបណ្តេញចេញ។ ចំណែកទីភ្នាក់ងាររដ្ឋាភិបាល ត្រូវបានគេស្នើសុំឱ្យពិនិត្យលើក្រុមបាតុករដែលពាក់ស្បង់ចីវរ ដើម្បីដឹងថាតើពួកគេជាព្រះសង្ឃពិត ឬក្លែងក្លាយ។

គួរបញ្ជាក់ថា បើគិតត្រឹមរហូតមកដល់ពេលនេះ មានព្រះសង្ឃមួយអង្គត្រូវបានបញ្ជាក់ថា បានចូលរួមមហាបាតុកម្មអហិង្សា ដែលប្រឆាំងរដ្ឋាភិបាលថៃ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print