អន្តរជាតិ៖ ប្រទេសអ៉ីតាលី បើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ–១៩ លើសពី១លានករណី។ ខណៈដែលករណីឆ្លងនេះ នាពេលបច្ចុប្បន្នមានចំនួនសរុបលើពិភពលោកជិត៥២.៥លានករណី ក្នុងនោះ ស្លាប់ជាង១.២៨លាននាក់ និងសះស្បើយជាង៣៦.៦៧លាននាក់។
សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសអ៉ីតាលី ឈានដល់កម្រិតលើស១.០២លានករណី បន្ទាប់ពីសហរដ្ឋអាមេរិក (ជាង១០.៧៨លាន), ឥណ្ឌា(ជាង៨.៦៨លាន), ប្រេស៊ីល (ជាង៥.៧៤លាន), បារាំង (ជាង១.៨៦លាន), រុស្ស៊ី (ជាង១.៨៣លាន), អេស្ប៉ាញ (ជាង១.៤៦លាន), អាហ្សង់ទីន (ជាង១.២៧លាន), ចក្រភពអង់គ្លេស (ជាង១.២៥លាន) និងកូឡុំប៊ី (ជាង១.១៦លាន)។
ដោយឡែកប្រទេសម៉ិកស៊ិក និងប៉េរូ មានជាង៩០ម៉ឺនករណីរៀងៗខ្លួន ខណៈអាហ្វ្រិកខាងត្បូង អាល្លឺម៉ង់ និងអ៊ីរ៉ង់ មានជាង៧០ម៉ឺនករណី។ខណៈដែលបណ្តាប្រទេសផ្សេងទៀត ដែលមានករណីលើសកន្លះលានរួមមាន៖ ប៉ូឡូញ ស៊ីលី អ៊ីរ៉ាក់ និងបែលហ្ស៊ិក ខណៈតួលេខនៅអ៊ុយក្រែន ឥណ្ឌូណេស៊ី សាធារណរដ្ឋឆេក បង់ក្លាដែស ហូឡង់ តួកគី និងហ្វីលីពីន ក៏ឡើងកាន់តែកៀកផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ជាង១.២៨លាននាក់ សហរដ្ឋអាមេរិក មានជិត២៥ម៉ឺននាក់ ប្រេស៊ីលជាង១៦ម៉ឺននាក់ និងឥណ្ឌាជាង១២ម៉ឺននាក់។ ប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់លើសពី១ម៉ឺននាក់ មានដូចជាម៉ិកស៊ិក ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អេស្ប៉ាញ អ៊ីរ៉ង់ ប៉េរូអាហ្សង់ទីន កូឡុំប៊ី រុស្ស៊ី អាហ្សិកខាងត្បូង ឥណ្ឌូណេស៊ី ស៊ីលី បែលហ្ស៊ិក អេក្វាឌ័រ អាល្លឺម៉ង់ អ៊ីរ៉ាក់ តួកគី និងកាណាដា៕ដោយ៖ស តារា