ខេត្តកណ្តាល៖ បើខាងស្រីចិត្តកំណាចទៅហើយ…ចុះអតីតលោកប្តី បើមិនអាសូរប្រពន្ធដើមទេ គួរណាស់អាណិតកូន ដែលជាឈាមរបស់ខ្លួនដែរ ហេតុអីដល់ថ្នាក់រួមគំនិតជាមួយប្រពន្ធក្រោយប្តឹងប្រពន្ធដើមចាប់គុក ឱ្យកូនប្រុសអាយុ៥ឆ្នាំ ត្រូវកំព្រាគ្មានមេបាចិញ្ចឹមបីបាច់ថែរក្សា។
មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បាននាំគ្នានិយាយថា៖ គួរអោយអាសូរណាស់! ប្រពន្ធដេីមក្លាយជាអ្នកទោសក្រោយពីដឹកដៃកូនតាមរកប្តី ខណៈកំពុងរៀបការជាមួយស្រីថ្មី ដល់ក្នុងរោងការ។ ទីបំផុតខាងប្តីក៏បន្តរៀបការបានយ៉ាងរលូន ចំណែកប្រពន្ធដើមនិងកូន បានត្រឹមទឹកភ្នែក ឈឺចាប់ ហើយអ្វីដែលក្រៀមសួតក្អួតឈាម ពើតឈឺផ្សាស្ទើរដាច់ប្រម៉ាត់នេះ គឺប្រពន្ធដើមក្លាយជាអ្នកទោស ក្នុងបទ រំលោភលំនៅដ្ឋាន គ្រាដែលខ្លួន ដឹកដៃកូនទៅរកប្តីអង្គុយផ្ទឹមចូលរោងការជាស្រីថ្មីនោះ។
សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅទាមទាប្តីយកមករួមរស់ជាមួយគ្នានឹងសង្ឃឹមថាបានមកមេីលថែកូន តែមកដល់ពេលនេះក្មេងតូចនោះត្រូវកំព្រារងាឥតមេបាតែម្តងខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះអនុវត្តន៍ដីកាចាប់ខ្លួនកាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគ្រា ដែលស្ត្រីរូបនោះកំពុងអង្គុយលក់ត្រីនៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដេីម្បីបានប្រាក់ចិញ្ចឹមកូននិងដោះបំណុលគេ ។
បើតាមសមត្ថកិច្ចបានបង្ហើបថា៖ ដេីមបណ្តឹង មានឈ្មោះ ទេស ស្រីនាង អាយុ៣៥ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលី ច្រាយ ២៩ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។
ដោយឡែក ជនត្រូវចោទជាប្រពន្ធដើមឈ្មោះហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។
ការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប•នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ជួន វណ្ណៈ ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តកណ្តាល ។ ទើបនៅវេលាម៉ោង៧ៈ០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ច២ឡានមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
បច្ចុប្បន្ន ជនត្រូវចោទបានបញ្ជូនទៅបញ្ជាកាដ្ឋាន កងរាជអាវុធខេត្ត ដើម្បីបន្តនីតិវិធី៕
ដោយ៖ ស្អាង ជ័យ