ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ រដ្ឋាភិបាលតួ​ក​គី ហាម​ជក់បារី​នៅ​ទីសាធារណៈ

ចែករំលែក៖

អន្តរជាតិ៖ ​ខណៈ​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បានឆ្លង​ហក់​ឡើង​ខ្លាំង​នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាលតួកគី ក៏បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​គោរព​វិធានការ​សុខាភិបាល​ដូចជា៖ ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។ មិនតែប៉ុណ្ណោះ តួ​ក​គី បាន​ហាមឃាត់​ការជក់បារី​នៅ​ទីសាធារណៈ​ដែលមាន​មនុស្ស​កុះករ ​។​

​ជាក់ស្តែងក្រសួងមហាផ្ទៃ​តួ​ក​គី បាន​បញ្ជាក់ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី១១ ខែវិច្ឆិកាថ្មីៗនេះថា បម្រាម​លើ​ការជក់បារី​នេះ មាន​គោលដៅ​ធានា​ឲ្យ​បាន​ថា ប្រជាពលរដ្ឋ​គោរព​តាម​វិធានការ​សុខាភិបាល ដូចជា ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ទីសាធារណៈ ក៏​ព្រោះតែ​ពួកគេ​ដោះ​ម៉ាស់​ចេញ​ឬ​ទម្លាក់​ម៉ាស់​ចុះក្រោម​នៅពេល​ជក់បារី​។

​ក្រសួងមហាផ្ទៃ​តួ​ក​គី បញ្ជាក់​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយថា សម្រាប់​ហេតុផល​នេះ ដើម្បី​ធានាថា​ម៉ាស់​ត្រូវបាន​ពាក់​គ្រប់ពេលវេលា និង​ត្រឹមត្រូវ​នោះ ចាប់ពី​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​តទៅ បម្រាម​លើ​ការជក់បារី នឹងត្រូវ​អនុវត្ត​ក្នុង​ទីសាធារណៈ ដែលមាន​មនុស្ស​កុះករ ដូចជា ផ្លូវ ឧទ្យាន​សាធារណៈ និង​ចំណត​យានយន្ត​សាធារណៈ ជាដើម​។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី Fahrettin Koca បាន​ទទូច​ឲ្យ​ពលរដ្ឋ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល ដូចជា ការពាក់​ម៉ាស់​ឲ្យ​ត្រឹមត្រូវ និង​រក្សា​គម្លាត​សុវត្ថិភាព​។ ត្រង់ចំណុច​នេះ លោក Koca សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ​ថា លោក​សុំ​ពលរដ្ឋ​តែ​ម្យ៉ាង​នេះ​ប៉ុណ្ណោះ​។

​សូមជម្រាបថា អាជ្ញាធរ​តួ​ក​កី នៅ​ដើម​សប្ដាហ៍​នេះ បាន​ដាក់ចេញ​បម្រាម​គោចរ​មួយ​ក្នុង​រដ្ឋធានី អង់កា​រ៉ា និង​ទីក្រុង​ធំ​បំផុត​របស់ខ្លួន អ៊ី​ស្តង់​ប៊ូលដោយ​ហាមឃាត់​ប្រជាជន​អាយុ​ចាប់ពី​អាយុ ៦៥​ឆ្នាំ​ឡើងទៅ មិន​ឲ្យ​ចេញទៅ​ខាងក្រៅ​ផ្ទះ ចន្លោះ​ពី​១០​ព្រឹក​និង​៤​ល្ងាច​។

​ដោយឡែក​កាលពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan បានប្រកាសថា រាល់​អាជីវកម្ម រួមមាន​ភោជនីយដ្ឋាន ហាង​កាហ្វេ អាង​ហែល​ទឹក និង​រោងភាពយន្ត ជាដើម នឹងត្រូវ​បិទទ្វារ​ត្រឹម​ម៉ោង ១០​យប់ ជា​រៀងរាល់ថ្ងៃ ក្នុង​គោលដៅ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​។

​គួរបញ្ជាក់ថា បើយោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​តួ​ក​គី​ បានបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញនេះ មនុស្ស​ជាង​៤០​ម៉ឺន​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-19 ក្នុងប្រទេស​តួ​ក​គី ខណៈ​មនុស្ស​១១១៤៥​នាក់​ស្លាប់​។ ចំណែក​ករណី​ឆ្លង​ប្រចាំថ្ងៃ​ក្នុងប្រទេស​នេះ បាន​ហក់​ឡើង​ខ្លាំងដោយ​មនុស្ស​២៦៩៣​នាក់ បាន​រកឃើញថា​ឆ្លង​កូ​វីដ​-១៩ ក្នុង​ថ្ងៃទី ១១ ខែវិច្ឆិកា​៕ដោយ៖ស តារា

រូបភាព៖ ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print