ភ្នំពេញ៖ អគ្គិភ័យបសនឆាបឆេះខ្ទមជនអនាថាបង្កឲ្យមានការភ្ញាក់
ផ្អើលដល់ពលរដ្ឋនាំគ្នាទាញទុយយោទឹកជួយបាញ់ពន្លត់ រួចហៅរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បន្ថែម។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ០៤:០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍មួយកន្លែង ជាប់របងការដ្ឋានបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីអគ្គិភ័យនេះគឺបង្កឡើងដោយជនអនាថាមួយក្រុមដុតសំបកកង់ម៉ូតូ អាំងភ្លើង ហើយចូលដេកក្នុងខ្ទមបាត់ទៅស្រាប់តែភ្លើងឆេះស្មៅរាលដាលដល់ខ្ទម ក៏ស្ទុះងើបមកពន្លត់ដែរ តែមិនរលត់ក៏នាំគ្នារត់បាត់ស្រមោលអស់ ផ្អើលដល់អ្នកជិតខាងស្រែកឆោឡោហៅសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងល្បាតប៉ុស្តិ៍បឹងទំពុនទី២ និងកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចុះមកជួយធ្វើអន្តរាគមន៍ទាញទុយយោទឹកបាញ់ពន្លត់ភ្លើង និងមានរថយន្តពន្លត់អគ្គិភ័យ២គ្រឿងចុះមកជួយបាញ់បន្ថែមទៀតទើបរលត់ទាំងស្រុង៕ជ្រោយពេជ្រ