ផ្លូវ​ច្រើន​ខ្សែ​នៅ​ខេត្ត​ព្រះវិហារ និង​តាម​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ-ថៃ បានជួសជុលរួចរាល់ហើយ

ចែករំលែក៖

ខេត្តព្រះវិហារ÷ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះថាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ និងផ្លូវជាច្រើនខ្សែទៀត នៅខេត្តព្រះវិហារ ដែល​រងការខូចខាត​ដោយ​ជំនន់ទឹកភ្លៀង នាពេលកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ធ្វើការជួស​ជុល​បានរួចរាល់ហើយ ។
លោកថា ក្រោយជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាន​ធ្វើការស្តារ និងជួសជុលឡើងវិញ នូវ​ផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុក​ជ័យសែន ផ្លូវក្រាលក្រួសក្រហម ប្រវែង១៣​គីឡូ​ម៉ែត្រ ពីផ្លូវជាតិ​លេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំ​ណាក់​។
លោក បានបន្តទៀតថា ជាមួយនេះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារថែទាំផ្លូវថ្នល់​នៃមន្ទីរ​សាធារណ​ការ ខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលក្រួសក្រហម ប្រ​វែង៨៧.៨​គីឡូ​ម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ កំពកំពង់ស្រឡៅ២(ព្រំដែនកម្ពុជា-ឡាវ) ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត(ព្រំដែនកម្ពុជា-ថៃ) និងផ្លូវ​ខេត្ត2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុងទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ។
សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ក្រោយរងការខូច​ខាត​ដោយជំនន់​ទឹកភ្លៀង គឺត្រូវបានស្តារ និងជួសជុលឡើងវិញ សម្រេចបានលទ្ធផល​ស្ទើរ១០០%ខណៈ​បច្ចុប្បន្ន​នេះ​ ​ក្រុមការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅក្នុង​ស្រុកនីមួយៗកំពុង​យកចិត្ត​ទុក​ដាក់ជួសជុល និង​លប់ផ្លូវសំបុកមាន់ និង​កាត់​ស្មៅ​តាម​ដង​ផ្លូវ​ផងដែរនោះ។
យ៉ាងណាមន្ទីរមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ឲ្យបានគ្រប់ៗ​គ្នា ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹក​លើស​ទម្ងន់ និងយកចំណីផ្លូវ​ធ្វើអាជីវកម្ម​នោះឡើយ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print