ខេត្តព្រះវិហារ÷ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ និងផ្លូវជាច្រើនខ្សែទៀត នៅខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ធ្វើការជួសជុលបានរួចរាល់ហើយ ។
លោកថា ក្រោយជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានធ្វើការស្តារ និងជួសជុលឡើងវិញ នូវផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុកជ័យសែន ផ្លូវក្រាលក្រួសក្រហម ប្រវែង១៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំណាក់។
លោក បានបន្តទៀតថា ជាមួយនេះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ ខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលក្រួសក្រហម ប្រវែង៨៧.៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ កំពកំពង់ស្រឡៅ២(ព្រំដែនកម្ពុជា-ឡាវ) ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត(ព្រំដែនកម្ពុជា-ថៃ) និងផ្លូវខេត្ត2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុងទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ។
សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង គឺត្រូវបានស្តារ និងជួសជុលឡើងវិញ សម្រេចបានលទ្ធផលស្ទើរ១០០%ខណៈបច្ចុប្បន្ននេះ ក្រុមការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅក្នុងស្រុកនីមួយៗកំពុងយកចិត្តទុកដាក់ជួសជុល និងលប់ផ្លូវសំបុកមាន់ និងកាត់ស្មៅតាមដងផ្លូវផងដែរនោះ។
យ៉ាងណាមន្ទីរមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹកលើសទម្ងន់ និងយកចំណីផ្លូវធ្វើអាជីវកម្មនោះឡើយ៕
ដោយ÷ប្រាថ្នា