អន្តរជាតិ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សភាចិន ដែលទើបអនុម័ត និងអនុញ្ញាតឲ្យហុងកុងដកតំណែងតំណាងរាស្ត្រហុងកុងបួននាក់នោះ គឺដំណោះស្រាយរបស់សភាចិនក្នុងការកំណត់លក្ខន្តិកៈសមាជិកសភាហុងកុង ជាការបំពានកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធការផ្ទេរហុងកុង។ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេសអះអាងថា អង់គ្លេស និងសម្ព័ន្ធមិត្តនឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យចិនគោរពតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងខាងលើ។ នេះបើតាមសារព័ត៌មានThe Guardian។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ បានរិះគន់បញ្ញត្តិថ្មីដែលសភាចិន ចាត់ទុកវិធានថ្មី ជាការបំពានទៅលើសេចក្តីថ្លែងការណ៍រួមអង់គ្លេស-ចិន ស្តីពីការប្រគល់កោះហុងកុងទៅចិនវិញ ជាមួយការរក្សាស្វ័យភាពកម្រិតខ្ពស់។ អង់គ្លេសអាមេរិក និងសហភាពអឺរ៉ុបកំពុងពិចារណាវិធានការតបទៅនឹងការចេញច្បាប់ថ្មីនេះ។
លោក Raab បានបញ្ជាក់ថា៖«ជាថ្មីម្តងទៀត ចិនមិនគោរពកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់ដល់ស្វ័យភាពកម្រិតខ្ពស់របស់ហុងកុង»។ លោកបន្តថា អង់គ្លេស នឹងនៅជាមួយពលរដ្ឋហុងកុង ក៏ដូចជាលើកឡើងពីការបំពានសិទ្ធិ និងសេរីភាព។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លើកឡើងទៀតថា ការចេញលក្ខខណ្ឌខាងលើ ជាទម្រង់នៃការបៀតបៀន និងបំបិទសិទ្ធិអ្នកដែលរិះគន់គោលនយោបាយរបស់ចិន ត្រូវបានតាក់តែងដោយមិនមានលក្ខណៈមិនច្បាស់លាស់ ដែលអាចបកស្រាយបានយ៉ាងទូលំទូលាយ។ ក្រសួងការបរទេសអង់គ្លេស ត្រូវបានរំពឹងថា នឹងដាក់ទណ្ឌកម្មលើមន្ត្រីហុងកុងចំនួន៤រូប ប៉ុន្តែមិនពុំបានលម្អិតពីអត្តសញ្ញាណបុគ្គលទាំងនោះឡើយ។ អង់គ្លេស ក៏កំពុងធ្វើការជាមួយអាមេរិកដើម្បីដាក់ទណ្ឌកម្មតបទៅលើមន្ត្រីចិន និងហុងកុងផងដែរ។
អង់គ្លេស អះអាងបន្តថា រាប់បញ្ចូលទាំងលើកនេះ ចិនបានបំពានកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ ៣ដងហើយ ពោលលើកទី១ ក្នុងឆ្នាំ២០០៦ លើកទី២ក្នុងឆ្នាំ២០២០ ក្រោយអនុម័តច្បាប់សន្តិសុខជាតិ និងលើកទី៣គឺច្បាប់ដកហូតតំណែងតំណាងរាស្ត្រនេះ។
សូមជម្រាបថា ដំណោះស្រាយថ្មីដែលអនុម័តដោយសភាចិនកាលពីថ្ងៃទី១១ វិច្ឆិកា បើកផ្លូវឲ្យសភាហុងកុងដកហូតតំណាងរាស្ត្ររូបណាដែលមិនស្នេហាជាតិ គាំទ្រឯករាជ្យ ឬការផ្ដាច់ខ្លួន។ ភ្លាមៗ សមាជិកសភាហុងកុងបួននាក់ ត្រូវបានដកតំណែង។ ក្រោយមក សមាជិកសភាដែលមាននិន្នាការរកប្រជាធិបតេយ្យ១៥នាក់ទៀត ក៏លាលែងពីតំណែងទាំងអស់គ្នា។
គួរបញ្ជាក់ដែរថា ក្រៅពីអង់គ្លេស អាមេរិក និងសហភាពអឺរ៉ុប ក៏ព្រមានចាត់វិធានការលើហុងកុងដែរ។ ទីប្រឹក្សាសន្តិសុខប្រធានាធិបីអាមេរិកលោក Robert O’Brien ក៏បាននិយាយថា អាមេរិកនឹងបន្តកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការបំបិទសិទ្ធិពលរដ្ឋហុងកុង។ សហភាពអឺរ៉ុប វិញអះអាងថា នឹងពិនិត្យលើវិធានការដែលខ្លួនមាននៅចុងឆ្នាំ ដើម្បីតបទៅនឹងសកម្មភាពរបស់ចិន ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើនយោបាយពហុនិយម និងសេរីភាពបញ្ចេញមតិនៅហុងកុង។
ដោយឡែកជុំវិញរឿងនេះដែរ លោក Nigel Adams មន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី អះអាងថា អង់គ្លេសកំពុងពិចារណាច្បាប់ទណ្ឌកម្មដែលស្រដៀងនឹងច្បាប់ Magnitsky របស់អាមេរិក។ លោក ក៏បង្ហើបផងដែរថា តំណាងរាស្ត្រអង់គ្លេសក៏បានសួរនាំពីលទ្ធភាពក្នុងការដាក់ទណ្ឌកម្មលើលោកស្រី Carrie Lam ប្រមុខដឹកនាំទឹកដីហុងកុង។ ខណៈក្រសួងការបរទេសអង់គ្លេស ក្រោយពេលច្បាប់នេះចេញមកភ្លាម ក៏បានកោះហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំផងដែរ៕ដោយ៖ស តារា