ក្រោយសភាចិន អនុម័តឲ្យហុងកុង​ដកតំណែង​សមាជិកសភា​បួន​នាក់​ មន្រ្តីជាន់ខ្ពស់អង់គ្លេស ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង

ចែករំលែក៖

អន្តរជាតិ៖ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកាថ្មីៗនេះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បានបញ្ជាក់នៅក្នុង​សេចក្ដីថ្លែងការណ៍មួយថា ​សភា​ចិន​ ដែលទើប​អនុម័ត និងអនុញ្ញាត​ឲ្យ​ហុងកុង​ដកតំណែង​តំណាងរាស្ត្រ​ហុងកុង​បួននាក់នោះ គឺដំណោះស្រាយ​របស់​សភា​ចិន​ក្នុង​ការកំណត់​លក្ខន្តិកៈ​សមាជិកសភា​ហុងកុង ជាការ​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ការផ្ទេរ​ហុងកុង​។ លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសអះអាងថា អង់គ្លេស និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​ចិន​គោរព​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ខាងលើ​។ នេះ​បើតាម​សារព័ត៌មានThe Guardian​។​

នៅក្នុង​សេចក្ដីថ្លែងការណ៍ខាងលើ រដ្ឋមន្ត្រីការបរទេស​អង់គ្លេសរូបនេះ បាន​រិះគន់​បញ្ញត្តិ​ថ្មី​ដែល​សភា​ចិន​ ចាត់ទុក​វិធាន​ថ្មី ជាការ​បំពាន​ទៅលើ​សេចក្តីថ្លែងការណ៍​រួម​អង់គ្លេស​-​ចិន ស្តីពី​ការប្រគល់​កោះ​ហុងកុង​ទៅ​ចិន​វិញ ជាមួយ​ការរក្សា​ស្វ័យភាព​កម្រិត​ខ្ពស់​។ អង់គ្លេសអាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​វិធានការ​តប​ទៅនឹង​ការចេញ​ច្បាប់​ថ្មី​នេះ​។​

លោក Raab បានបញ្ជាក់ថា៖«​ជាថ្មី​ម្តងទៀត ចិន​មិន​គោរព​កិច្ចសន្យា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​»​។ លោក​បន្តថា អង់គ្លេស នឹង​នៅ​ជាមួយ​ពលរដ្ឋ​ហុងកុង ក៏ដូចជា​លើកឡើង​ពី​ការបំពាន​សិទ្ធិ និង​សេរីភាព​។​

​រដ្ឋមន្រ្តីការបរទេសអង់គ្លេស លើកឡើងទៀតថា ការចេញ​លក្ខខណ្ឌ​ខាងលើ ជា​ទម្រង់​នៃ​ការ​បៀតបៀន និង​បំបិទ​សិទ្ធិ​អ្នក​ដែល​រិះគន់​គោលនយោបាយ​របស់​ចិន ត្រូវបាន​តាក់តែង​ដោយ​មិនមាន​លក្ខណៈ​មិន​ច្បាស់លាស់ ដែល​អាច​បកស្រាយ​បាន​យ៉ាង​ទូលំទូលាយ​។ ក្រសួងការបរទេស​អង់គ្លេស ត្រូវបាន​រំពឹងថា នឹងដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ហុងកុង​ចំនួន​៤​រូប ប៉ុន្តែ​មិន​ពុំបាន​លម្អិត​ពី​អត្តសញ្ញាណ​បុគ្គល​ទាំង​នោះឡើយ​។ អង់គ្លេស ក៏​កំពុងធ្វើការ​ជាមួយ​អាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​តប​ទៅលើ​មន្ត្រី​ចិន និង​ហុងកុង​ផងដែរ​។​

​អង់គ្លេស​ អះអាងបន្តថា រាប់បញ្ចូល​ទាំង​លើក​នេះ ចិន​បាន​បំពាន​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៧ ៣​ដង​ហើយ ពោល​លើក​ទី​១ ក្នុង​ឆ្នាំ​២០០៦ លើក​ទី​២​ក្នុង​ឆ្នាំ​២០២០ ក្រោយ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ និង​លើក​ទី​៣​គឺ​ច្បាប់​ដកហូត​តំណែង​តំណាងរាស្ត្រ​នេះ​។​

សូមជម្រាបថា ដំណោះស្រាយ​ថ្មី​ដែល​អនុម័ត​ដោយ​សភា​ចិន​កាលពី​ថ្ងៃទី​១១ វិច្ឆិកា បើកផ្លូវ​ឲ្យ​សភា​ហុងកុង​ដកហូត​តំណាងរាស្ត្រ​រូប​ណា​ដែល​មិន​ស្នេហា​ជាតិ គាំទ្រ​ឯករាជ្យ ឬ​ការ​ផ្ដាច់ខ្លួន​។ ភ្លាមៗ សមាជិកសភា​ហុងកុង​បួន​នាក់ ត្រូវបាន​ដកតំណែង​។ ក្រោយមក សមាជិកសភា​ដែលមាន​និន្នាការ​រក​ប្រជាធិបតេយ្យ​១៥​នាក់​ទៀត ក៏​លាលែង​ពី​តំណែង​ទាំងអស់គ្នា​។

គួរបញ្ជាក់ដែរថា ក្រៅពី​អង់គ្លេស អាមេរិក និង​សហភាព​អឺរ៉ុប ក៏​ព្រមាន​ចាត់វិធានការ​លើ​ហុងកុង​ដែរ​។ ទីប្រឹក្សា​សន្តិសុខ​ប្រ​ធានា​ធិ​បី​អាមេរិកលោក Robert O’Brien ក៏បាននិយាយថា អាមេរិក​នឹង​បន្ត​កំណត់​អត្តសញ្ញាណ និង​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​ហុងកុង​។ សហភាព​អឺរ៉ុប វិញ​អះអាងថា នឹង​ពិនិត្យ​លើ​វិធាន​ការដែល​ខ្លួន​មាននៅ​ចុងឆ្នាំ ដើម្បី​តប​ទៅនឹង​សកម្មភាព​របស់​ចិន ដែលជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​នយោបាយ​ពហុ​និយម និង​សេរីភាព​បញ្ចេញមតិ​នៅ​ហុងកុង​។

ដោយឡែកជុំវិញរឿងនេះដែរ លោក Nigel Adams មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ អះអាងថា អង់គ្លេស​កំពុង​ពិចារណា​ច្បាប់​ទណ្ឌកម្ម​ដែល​ស្រដៀង​នឹង​ច្បាប់ Magnitsky របស់​អាមេរិក​។ លោក ក៏​បង្ហើប​ផងដែរ​ថា តំណាងរាស្ត្រ​អង់គ្លេស​ក៏បាន​សួរនាំ​ពី​លទ្ធភាព​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​លោកស្រី Carrie Lam ប្រមុខ​ដឹកនាំ​ទឹកដី​ហុងកុង​។ ខណៈក្រសួងការបរទេស​អង់គ្លេស ក្រោយពេល​ច្បាប់​នេះ​ចេញ​មក​ភ្លាម ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរនាំ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print