បទអត្ថាអិប្បាយ៖ តើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាផ្តាច់ការមែនឬ?

ចែករំលែក៖

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេេច ហ៊ុន សែន ត្រូវក្រុមបាតុករមួយក្តាប់តូច ដែលត្រូវបានគេដឹងថា​ជាមនុស្សរបស់គណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិកនោះ ចោទប្រកាន់ថាជាមនុស្ស ផ្តាច់ការ អាយ៉ងយួន និងជាជនក្បត់ជាតិ ដែលបំផ្លាញជាតិខ្លួនឯង។

តើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាផ្តាច់ការមែនឬ?

ការចោទប្រកាន់ទាំងអស់នេះ គឺមិនបានស្តែងឱ្យឃើញពីចរិតពិតប្រាកដ​របស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ព្រោះសម្តេច ហ៊ុន សែន ជាបន្តបន្ទាប់ត្រូវបានគេមើលឃើញថា​តែងទទួលបានការគាំទ្រ ស្រឡាញ់ និងផ្តល់ទំនុកចិត្ត​ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ទាំងក្នុង​និងក្រៅ​ប្រទេស ជាពិសេសម្ចាស់ឆ្នោតរាប់លាននាក់ បានបោះឆ្នោតគាំទ្រ​ឱ្យដឹកនាំ​ប្រទេស​កម្ពុជា។ ដោយមិនរំលឹកឡើងវិញនូវអតីតកាលដ៏លំបាកបំផុត ដែលសម្តេច ហ៊ុន សែន​បានតស៊ូ​ដើម្បីបុព្វហេតុជាតិ មាតុភូមិ គឺយើងខ្ញុំជាអ្នកអត្ថាធិប្បាយ សូមរៀបរាប់ត្រួសៗគិតត្រឹម ពេល​ដែល​ឡើងកាន់តំណែង​មក ​កូនកសិករម្នាក់នេះ បានពុះពារខិតខំស្តារ និងអភិវឌ្ឍន៍ប្រទេស​ពីបាទដៃ​ទទេ​ រហូតប្រែក្លាយ​ប្រទេស​ដ៏កំសត់មួយនេះ ទទួល​បានសុខសន្តិភាពដូច​សព្វថ្ងៃ។ ពោលសម្តេច ហ៊ុន សែន ត្រូវបានប្រវត្តិសាស្ត្រចារឈ្មោះ​រួចមកហើយថា ជាវីរៈបុរសខ្មែរ​ដែលបាន​រំដោះ​ជាតិ​ចេញពី​របបប្រល័យពូជសាសន៍ និងជា​ស្ថាបនិកសន្តិភាព។

សម្តេច ហ៊ុន សែន ត្រូវបានទទួលស្គាល់ និងឱ្យតំលៃស្មើមុខស្មើមាត់​លើកឆាក​អន្តរជាតិ​ ពីសំណាក់មេដឹកនាំ​ប្រទេស​មហាអំណាច និងប្រទេសជាច្រើនទាំងលើពិភពលោក និងក្នុង​តំបន់​ថែមទៀតផង។​ ដូច្នេះការចោទប្រកាន់លើសម្តេច ហ៊ុន សែន គ្រាន់តែការរៀបចំ​របស់​គណបក្សសង្គ្រោះជាតិ ​ដែលមានបំណងមួលបង្កាច់ ប្រមាថ និងលាបពណ៌ពីភាពពិតរបស់​សម្តេច ហ៊ុន សែន និងស្ថានភាព​ជាក់ស្តែងក្នុងប្រទេសកម្ពុជាបច្ចុប្បន្នតែប៉ុណ្ណោះ។ ជុំវិញបាតុកម្ម​ប្រឆាំង​នឹងសម្តេច ហ៊ុន សែន នៅសហរដ្ឋអាមេរិក មានព័ត៌មានច្បាស់ការជាច្រើន​បានបង្ហើប​ឱ្យដឹងថា បាតុកម្មនោះធ្វើឡើង​​តាមរយៈការដឹកនាំរបស់ក្រុមជនមួយតំបស្វា ជាសកម្មជនគាំទ្រ​បក្សសង្គ្រោះជាតិ ក្នុងការប្រឆាំងវត្តមានសម្តេច ហ៊ុន សែន នៅពេលចេញទៅក្រៅប្រទេសម្តងៗ។​ អ្នកដឹកនាំបាតុករបានទទួលលុយជាលាបសក្ការៈជាច្រើន ដើម្បីភាពមានបាន​របស់បក្ខពួកខ្លួន នេះបើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងរដ្ឋមួយ​នៅសហរដ្ឋ​អាមេរិកដែលបាន​ចំណាយក្នុងការរៀបចំធ្វើបាតុកម្មនាពេលកន្លងមក។

វាប្រហែលជារឿងដែលគួរឱ្យអស់សំណើច សម្រាប់ក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិ​ដែលស្រែកថាសម្តេច ហ៊ុន សែន ជាមនុស្សផ្តាច់ការ ខណៈដែលមេដឹកនាំប្រទេសមហាអំណាច និងជាបិតាប្រជាធិបតេយ្យ​ កំពុងចាប់ដៃស្វាគមន៍យ៉ាងកក់ក្តៅជាមួយសម្តេច ហ៊ុន សែន! ពិភពលោក​​បានមើលឃើញរួចមកហើយ  ពីទំនាក់ទំនងជាអន្តរជាតិ រវាងមេដឹកនាំពិភពលោក សំខាន់ៗនិងជាប្រទេសបិតាប្រជាធិបតេយ្យជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា លោក អូបាម៉ា ប្រធានាបតីអាមេរិក លោក ហ្វ្រង់ស្វ័រហូឡង់ ប្រធានាបតីបារាំង លោក បានគីមូន អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ ….។

ដោយឡែកពាក្យចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអាយ៉ងយួននោះ តើពេលណាទៅ​ទើប​គណបក្សសង្គ្រោះជាតិឈប់ប្រើ? បើសម្តេច ហ៊ុន សែន អាយ៉ងយួនមែន មិនមែនលោកខំ​ប្រឹង​កសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាមួយប្រទេសវៀតណាមនោះទេ! ហើយបើ​សម្តេច ​ហ៊ុន សែន ក្បត់ជាតិ បំផ្លាញជាតិ លក់ទឹកដី ដូចការចោទប្រកាន់មែន នោះរដ្ឋាភិបាល​របស់​សម្តេច ហ៊ុន សែន ប្រាកដជាមិនចាំបាច់វាស់វែង ស្រាវជ្រាវ កិច្ចការព្រំដែនអស់ពេលជាង១០ឆ្នាំ ទំរាំឈាន​ដល់ការ​​បោះបង្គោលព្រំដែន​ជាមួយប្រទេសជិតខាងនោះទេ! បើលក់ទឹកដីឱ្យគេមែន ​គឺមិនចាំ​បាច់ចរចារ មិនចាំបាច់មានកិច្ចព្រមព្រៀង ឬសុំការសហការពីអ្នក​ជំនាញបច្ចេកទេសប្រទេស​បារាំង និងក៏​គ្មាន​ភាពក្លាហានស្នើសុំ UN បញ្ជូនផែនទីតំកល់នៅអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ ជាមួយ​ផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលនោះដែរ។ ដូច្នេះអ្នកដែល​ស្រែកឡូងៗថា សម្តេច ហ៊ុន សែន អាយ៉ង​នោះ​ទៅវិញទេ ​ដែលជាអាយ៉ង​បរទេសនោះ។ ជាក់ស្តែង​លោកប្រធានស្តីទីគណបក្ស​សង្គ្រោះ​ជាតិ កឹម សុខា ធ្លាប់បានប្រកាស​ហើយថា គោល​នយោបាយបក្សសង្គ្រោះជាតិ គឺមាន​បរទេស​ជាអ្នកជួយសរសេរ។ ថ្នាក់ដឹកនាំ​គណបក្ស​នេះទាំងតូច​​ទាំងធំ តែងតែរត់ត្រេទៅ​ត្រេ​មក​ទៅបរទេសដូចជាទៅលេងស្រុកកំណើតខ្លួនចឹង! បើនិយាយទៅពួកគេមិនដែលទុក​ប្រទេស​ខ្មែរជាប្រទេសរបស់ខ្លួនផងទេ ព្រោះពួកគេ​ធំធាត់ និងត្រូវបំពាក់បំប៉នមនោគមវិជ្ជា​ពីបរទេស​ទាំងស្រុង។ ជាពិសេសនៅពេលបង្កបញ្ហានៅក្នុង​ស្រុកម្តងៗក្រុមគណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ស្រែករកជំនួយពីបរទេស ដែលខ្លួនចាត់ទុកថា ជាអាណាព្យាបាលនោះជារឿយៗ។ ដូច្នេះតើ​ក្រុមនេះ​​សម​​នឹងពាក្យ​ថា​អាយ៉ងដែរទេ? បើពួកគេ​ចូល​ចិត្ត​លើកទូលបរទេសបែបនេះ តើឯណា​ទៅឯករាជ្យភាពរបស់ពួកគេ?

បក្សសង្គ្រោះជាតិតែងតែលាបពណ៌ បណ្តុះគំនិត ឱ្យសកម្មជនរបស់ខ្លួនស្អប់ខ្ពើម ប្រមាថ និងទម្លាក់កំហុសសព្វបែបយ៉ាងលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីជា​សម្តេច ហ៊ុន សែន​ខិតខំធ្វើអ្វីៗដើម្បីជាតិជាច្រើនរាប់មិនអស់តាំងពីការរំដោះជាតិប្រជាជន ចេញពីរណ្តៅមរណៈ និងប្រឹងប្រែងដឹកនាំកសាងប្រទេសតាំងពីឆ្នាំ១៩៧៩មកក៏ដោយ ក៏នៅតែខុសជានិច្ច។ ​ពោលគឺ​សម្រាប់​គណបក្សសង្គ្រោះជាតិ ទោះបីសម្តេច ហ៊ុន សែន ស្តារប្រទេសពីសូន្យមកកំពុង​អភិវឌ្ឍន៍ ពីកំពុងអភិវឌ្ឍន៍ ទៅអភិវឌ្ឍន៍ និងពីអភិវឌ្ឍន៍កាន់តែជឿនលឿនក្តី ​ក៏គង់តែ​គេមិនពេញ​ចិត្តដែរ។ ដូច្នេះវាមិនចំឡែកទេ ដែលពួកគេតែងតែចោទប្រកាន់ថា សម្តេច ហ៊ុន សែន ផ្តាច់ការ ក្បត់ជាតិនោះ ព្រោះវាគឺជាគោលនយោបាយរបស់បក្សសង្គ្រោះជាតិទៅហើយ បើអ្នកណាមិន​ចេះជេរ សម្តេច ហ៊ុន សែន ទេ អ្នកនោះមិនអាចចូលរួម និងធ្វើសកម្មភាពការងារក្នុងបក្ស​សង្គ្រោះជាតិ​​បានឡើយ។

យោងលើតំលៃនៃសច្ចធម៌ប្រវត្តិសាស្រ្ត និងកិត្តិយសរបស់សម្តេច ហ៊ុន សែន ដែលបាននឹងកំពុង​ប្រឹងប្រែងក្នុងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងធ្វើសហប្រតិបត្តិការ​យ៉ាងជិតស្និតជាមួយមេដឹកនាំសំខាន់ៗទាំងអាស៊ាន និងពិភពលោក ជាក់ស្តែងការចូលរួម​កិច្ចប្រជុំអាស៊ាន-អាមេរិក​ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថា​លោកកំពុងបំពេញបេសកម្ម​ជូនជាតិមាតុភូមិ ក្នុងទឹកដីសហរដ្ឋអាមេរិក គឺសម្តេច ហ៊ុន សែន ​ធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បីលើក​កម្ពស់កិត្យានុភាពជាតិ​ខ្មែរទាំងមូល មិនដូចការនិយាយមួលបង្កាច់របស់ក្រុមជនមួយក្តាប់តូច ដែលតែងចោទថា​សម្តេច ​ហ៊ុន សែន ជាជនផ្តាច់ការ និងបំផ្លាញជាតិនោះឡើយ៕

...

អត្ថបទ៖ ព្រហ្ម លក្ខណ៍, ក្រុមយុវជនឆ្នើម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print