ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូមន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។
ទេសរដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាលដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក ។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ក្រុមការងារក្រសួង នឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា៖ ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦ ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២ ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣ ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង។
ឆ្លៀតក្នុឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានចូលអុចធូបនៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម តាពិច តាពួន និងប្រាសាទអង្គរធំ និងប្រាសាទបាគង ឋិតក្នុងទឹកដីខេត្តសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសឱ្យចៀសផុតពីការឆ្លងរីករាលដាលនូវជំងឺកូវីដ–១៩ ដ៏កាចសាហាវមួយនេះ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕ដោយ៖ស តារា