អន្តរជាតិ៖ បន្ទាប់ពីការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងអស់រយៈពេល ១សប្តាហ៍កន្លងទៅនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញនេះ គណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា (UEC) បានប្រកាសលទ្ធផលបោះឆ្នោតថ្នាក់ជាតិចុងក្រោយ ខុសពីការប៉ាន់ស្មានខ្លះមុនការបោះឆ្នោត បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បែរជាធ្វើបានល្អក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកាទៅវិញ។ខណៈលទ្ធផលបោះឆ្នោតនេះ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានសំឡេងភាគច្រើននៅក្នុងសភា និងច្រើនជាងចំនួនគាំទ្រកាលពីឆ្នាំ២០១៥ ទៅទៀត ហើយបន្តដឹកនាំប្រទេស៥ឆ្នាំទៀត។
ជាក់ស្តែងក្នុងលទ្ធផលផ្លូវការចុងក្រោយដែលប្រកាសគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបញ្ចេញហើយ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលកៅអីក្នុងសភាសហភាពចំនួន៣៩៦ (សភាជាន់ទាបមានចំនួន ២៥៨កៅអី និងសភាជាន់ខ្ពស់ចំនួន ១៣៨កៅអី)។ ខណៈតួលេខសរុបខាងលើ មានច្រើនជាងកាលពីឆ្នាំ២០១៥ទៅទៀត ដែលបក្ស NLD ឈ្នះបាន៣៩០កៅអី។បន្ថែមពីនេះ សម្រាប់កៅអីសភារដ្ឋ និងតំបន់ បក្ស NLD ទទួលបានសំឡេង៥០១ លើ ៦១២សំឡេង និងកៅអីរដ្ឋមន្ត្រីទទួលបន្ទុកជនជាតិភាគតិចមានចំនួន ២៣លើ ២៩កន្លែង។
ដោយឡែកជុំវិញកាបោះឆ្នោតនេះដែរ បក្សសាមគ្គី និងអភិវឌ្ឍសហភាព (USDP) ដែលជាបក្សប្រឆាំងធំជាងគេ និងមានការគាំទ្រពីយោធាមីយ៉ាន់ម៉ា បានទទួលសំឡេងនៅក្នុងសភាសហភាពចំនួន៣៣កៅអីប៉ុណ្ណោះ ក្នុងនោះសភាជាន់ទាបមានចំនួន ២៦កៅអី និងសភាជាន់ខ្ពស់ចំនួន ៧កៅអី។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Time បាននិយាយថា បក្សផ្សេងៗទៀត ដូចជាបក្សសម្ព័ន្ធសញ្ជាតិសានដើម្បីប្រជាធិបតេយ្យ (SNLD) បាន១៥កៅអី, បក្សជាតិអារ៉ាខាន់(ANP) ៨កៅអី, បក្សជាតិ Ta’ang (TNP), បក្សសាមគ្គីមន (MUP) និងបក្សប្រជាធិបតេយ្យរដ្ឋKayah ទទួលបានសំឡេង ៥កៅអីដូចៗគ្នា នៅក្នុងសភាសហភាព។ ក្រៅពីនេះ បក្សមួយចំនួនទៀត កាន់កាប់កៅអីសភាសហភាពតិចតួចប៉ុណ្ណោះ។
សូមជម្រាបថា បក្សលោកស្រីស៊ូជី កន្លងមក អ្នកជំនាញខ្លះ បានរំពឹងថា នឹងទទួលបានសំឡេងគាំទ្រនៅក្នុងសភាតិចជាងការបោះឆ្នោតឆ្នាំ២០១៥ ដោយយោងទៅលើវិបត្តិជនភាគតិចរ៉ូហ៊ីងយ៉ា និងប្រតិបត្តិការយោធានៅក្នុងរដ្ឋមានជម្លោះ។ មានមូលហេតុមួយចំនួនដែលបក្សNLD ធ្វើបានល្អក្នុងការបោះឆ្នោតលើកនេះដូចជា ការចេញមុខការមុខមាត់ប្រទេសនៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញការចោទប្រកាន់បទល្មើសប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ានៅចុងឆ្នាំ២០១៩ ការជំរុញកិច្ចចរចាសន្តិភាពជាមួយក្រុមជនជាតិភាគតិច ក៏ដូចជាការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បន្ទាប់ពីបញ្ចេញលទ្ធផលចុងក្រោយ ក៏បានច្រានចោលការអំពាវនាវរបស់បក្សសាមគ្គី និងអភិវឌ្ឍសហភាព ដែលបានទាមទារឲ្យមានការបោះឆ្នោតឡើងវិញផងដែរ ដោយសំអាងថា ការបោះឆ្នោតនេះ មានភាពមិនប្រក្រតីមួយចំនួន។ បើតាមការអះអាងរបស់ UEC ការបោះឆ្នោតដែលរៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់និងបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្នបើទោះបីជាទទួលបានលទ្ធផលគាំទ្រយ៉ាងច្រើននៅក្នុងសភាក៏ដោយ បក្សកាន់អំណាចមីយ៉ាន់ម៉ា ក៏បានស្នើឲ្យបក្សនយោយបាយជនជាតិភាគតិចចំនួន៤៨ ចូលរួមជាមួយខ្លួនដែរ ដើម្បីបង្កើតរដ្ឋាភិបាលសហភាពមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យ៕ដោយ៖ស តារា