ខេត្តស្ទឹងត្រែង៖ ដើម្បីចងក្រងពីប្រវត្តិខេត្តស្ទឹងត្រែង ទុកជាឯកសារ ឱ្យកូនខ្មែរបានសិក្សានឹងស្គាល់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីជំនាញបើកការស្រាវជ្រាវពីប្រវត្តិនៃការកកើតថ្មក្នុងសម័យអង្គរ ស្ថិតក្នុងខេត្តមួយនេះ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ក្នុងឱកាសពិនិត្យថ្មសម័យអង្គរ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះថា៖ ថ្មនេះអាចចាត់ទុកជាទិន្នន័យមួយធ្វើជាភស្តុតាងសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ បានសិក្សាយល់ដឹង និងរួមគ្នាថែរក្សាទាំងអស់គ្នានូវសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ។
រដ្ឋលេខាធិការរូបនេះ មានប្រសាសន៍បន្តថា៖ ភស្តុតាងទាំងនេះ យើងត្រូវសួរនាំបន្ថែមទៅមនុស្សមានវ័យចំណាស់ ដើម្បីឱ្យបាន ដឹងច្បាស់ព្រោះឯកសារកាលពីសម័យបារាំងដែលបានបោះពុម្ភនៅឆ្នាំ១៩៣០ស្តីពីការបង្កើតឡើងនូវរាជធានី/ខេត្ត យើងមានមួយចំនួនហើយ។ រាល់ឯកសារទាំងនេះ យើងបានជាមូលដ្ឋានសម្រាប់ធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង ដូចជាដុំថ្មនេះជាដើម។
ជាមួយគ្នានេះ អភិបាលស្រុកសេសានលោក សុវណ្ណពិសេដ្ឋ ក៏បានបញ្ចាក់ថា៖ តាមរយៈភស្តុតាងមួយនេះ អាចចាត់ទុកខេត្តស្ទឹងត្រែង មានវ័យចំណាស់ ព្រោះថ្មនេះ ជាមរតកដូនតាដែលបាននៅសេសសល់ កប់ក្នុងដី ដែលមានទីតាំង ចម្ងាយចេញពីតួ ប្រាសាទបាគូប្រមាណមួយគីឡូម៉ែត្រតែប៉ុណ្ណោះ។
បន្ថែមពីនេះ អភិបាលស្រុក បានទទួលស្គាល់ថា៖ កេរ្តិ៍ដំណែលពីដូនតាដែលបន្សល់ទុកនេះ ពិតជាបានបង្ហាញអាយុកាលដ៏វែងឆ្ងាយនៃការកកើត ទឹកដីនៅភូមិករមានមនុស្សរស់នៅពិតប្រាកដមែន ដោយសារថ្មនេះបង្ហាញពីមនុស្សជំនាន់ដើម ដែលបានរៀបចំឡើង ហើយក្រុមការងារថ្នាក់ស្រុកនិងថែរក្សាទុកកុំឱ្យបាត់បង់។
ដោយឡែក អតីតមន្ត្រីធម្មការស្រុកលោក ឈឹម សារឿន ជុំវិញរឿងខាងលើនេះ បានចាត់ទុកថា៖ ប្រសិនបើបានសិក្សាពីប្រវត្តិសាស្ត្រនេះវានឹងមានប្រយោជន៍ សំខាន់ក្នុងការផ្តល់ចំណេះដឹងដល់អ្នកជំនាន់ក្រោយបានដឹងបានយល់ផងដែរ ។
គួរបញ្ជាក់ថា ស្រុកសេសានខេត្តស្ទឹងត្រែង មានប្រាសាទបាគូ នៅក្នុងភូមិកំភុន ឃុំកំភុន ដែលខ្មែរជំនាន់ដើមបានធ្វើឡើងក្នុងសម័យចេនឡានិង សម័យអង្គរ ក្នុងចន្លោះឆ្នាំ(៨០២–១៤៣១)នាសតវត្សរ៍ទី៨៕ដោយ៖ស តារា