ភ្នំពេញ៖ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអប់រំផ្សព្វផ្សាយហើយនៅតែមានអ្នកល្មើសធ្វើឱ្យខូចខាតផ្លូវថ្នល់ និងស្ពានចាប់ផ្តើមអនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ លើបណ្តាញផ្លូវថ្នល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។
ទេសរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។
ជាមួយគ្នានេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ថ្លែងបន្តថា ការអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំផ្លូវថ្នល់នៅទូទាំងប្រទេស។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀល។
ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬ បាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី៕ដោយ៖ស តារា