ភ្នំពេញ៖ បំណែកសាកសពមនុស្សម្នាក់ ត្រូវបានប្រជាពលរដ្ឋដើរបាញ់សត្វ ប្រទះឃើញនៅក្នុងព្រៃឬស្សីកណ្តាលវាស់ស្រែហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងព្រៃឬស្សីចំណុចទួលអ្នកតា៤មុខ ក្នុងភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាកសពរូបនោះ គេពុំដឹងថា ប្រុសឬស្រីនោះឡើយដែលមានសភាពស្អុយរលួយ សល់តែលលាក្បាល និងដៃ និងដងខ្លួននៅដាច់ដោយឡែកពីគ្នា ។
តាមប្រភពពីលោក សា រុន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិ កាន់ទ្រុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៧ខែ វិច្ឆិកាម្សិលមិញនេះ ឆ្នាំ២០២០ រូបគាត់នឹងបងប្រុសរបស់ខ្លួន បានដើរឆ្លុះបាញ់សត្វនៅក្នុងព្រៃ ស្រាប់តែធំក្លិនស្អុយ និងប្រទះឃើញបំណែកដៃសាកសពមនុស្ស និង ប្រទះឃើញក្បាលលលាដ៏ក្បាល ភ្លាមៗនោះ ក៏បានប្រញាប់ប្រញ៉ាល់ត្រឡប់ទៅផ្ទះវិញហើយ រាយការណ៍ប្រាប់នគរបាលចុះទៅទាំងយប់។ លុះព្រឹកឡើង ក៏បានរាយការណ៍ ទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យតែម្តង ។
បើតាមប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា លុះនៅព្រឹកថ្ងៃទី១៨នេះ សមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅ ក៏បានចុះទៅកន្លងកើតហេតុ ក៏បានប្រទះឃើញ គ្រោងឆ្អឹង ដងខ្លួនផ្នែកខាងក្រោយ នៅក្នុងព្រៃឬស្សី លលាដ៏ក្បាលនិងដៃឃ្លាតពីដងខ្លួន។នៅដើមឈើ មានអាវជាប់ដើមឈើនិងមួក ស្រ្តីនៅជាប់នឹងឬស្សី ។
បើតាមការអះអាងពីនគរបាលជំនាញ ជំហានដំបូងមានការសង្ស័យថា សពជាស្រ្តី ដែលចងកសម្លាប់ខ្លួន អស់រយះពេល ប្រមាណជាង១ខែមកហើយ ។ ខណះដែលសពស្អុយរលួយ ត្រូវបានសត្វពាំអូសទៅជាបំណែកៗ។ ទោះបីជាយ៉ាងណាគេពុំទាន់ស្គាល់អត្តសញ្ញាណសពនោះឡើយ ។ចំណែកការស្លាប់គេពុំទាន់ដឹងជាករណីអ្វី ពិតប្រាកដនោះដែរ។
ក្រោយកើតហេតុសពខាងលើ ត្រូវបានសមត្ថកិច្ចយកកង់ឡានទៅដុតបូជាចោលនៅណ្តាលវាលនោះតែម្តង៕ដោយ៖ព្រែក សំរោង