ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍មួយ កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា ក្រុមឈ្មួញខ្មែរដឹកស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម ក៏ដូចជាអ្នកបើកបររថយន្ត បានលើកឡើងនឹងធ្វើការរិះគន់ចំពោះសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានកៀបសង្កត់កប្រជាពលរដ្ឋខ្មែរគ្នាឯង ដោយតម្រូវឲ្យពួកគាត់បង់លុយពេលរថយន្តដឹកស្រូវចូល១គ្រឿង២ម៉ឺនរៀល និងពេលចេញរថយន្តមកវិញគ្មានស្រូវសោះក៏ត្រូវបង់លុយ៥ពាន់រៀលទៀត។ ខណៈសមត្ថកិច្ចខាងវៀតណាម គ្មានអ្នកណាយកលុយពីខ្មែរផង។
សូមជម្រាបថា ស្របពេលដល់រដូវប្រមូលផលច្រូតកាត់ស្រូវប្រាំង ក្រុមឈ្មួញជាច្រើនបាននាំគ្នាដើរប្រមូលទិញស្រូវពីប្រជាពលរដ្ឋក្នុងស្រុក តាមបណ្តាខេត្តនានា ដឹកជញ្ជូនតាមរថយន្តធំៗរាប់រយគ្រឿង ឆ្លងដែនចូលទៅលក់បន្តឲ្យឈ្មួញនៃប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមការអះអាងពីក្រុមឈ្មួញខ្មែរដឹកស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម បានបញ្ជាក់ថា សមត្ថកិច្ចខ្មែរយើងដែលប្រចាំការនៅចក្រព្រំដែនបានកៀបសង្កត់លើពលរដ្ឋខ្មែរ គ្រាន់តែរថយន្តដឹកស្រូវបើកចូលទៅប្រទេសវៀតណាម ក្នុងមួយជើងត្រូវចំណាយលុយអស់២ម៉ឺនប្រាំពាន់រៀល ។ ចំពោះរថយន្តដឹកស្រូវ ក៏បានបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់ទាំងយប់ទាំងថ្ងៃ ចាប់ពីច្រកទ្វារព្រំដែន ដល់ភូមិដំរីងាប់ ចម្ងាយប្រហែល៥–៦គីឡូដី ។ ប្រភពដដែល បាននិយាយទៀតថា ការកកស្ទះនេះ គឺបណ្តាលមកពីរថយន្តចតឈប់ ហើយអ្នកបើកបររត់ចុះទៅបង់លុយឲ្យច្រកទ្វារខាងខ្មែរ។
យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ ក្រុមឈ្មួញក៏សូមសំណូមពរដល់អាជ្ញាធរខេត្តព្រៃវែង មេត្តាជួយសម្របសម្រួលធ្វើម៉េចឲ្យឈ្មួញវៀតណាម ឆ្លងដែនចូលមកទិញស្រូវនៅត្រឹមបេនក្នុងទឹកដីខ្មែរវិញទៅ ដើម្បីឲ្យកម្មករខ្មែរមានការងារធ្វើផង ហើយពួកគាត់ក៏កាត់បន្ថយការចំណាយ និងពេលដឹកស្រូវចូលទៅដល់ដីវៀតណាម គឺទីផ្សារតែមាត់ឈ្មួញគេឲ្យតម្លៃ បើទោះបីថោកឫខាត ក៏ត្រូវតែបង្ខំចិត្តលក់ឲ្យគេផងដែរ មិនអាចដឹកស្រូវចេញមកវិញបានឡើយ ព្រោះខុសគ្នាដាច់ស្រឡះពីបេនរថយន្តកម្ពុជា ៕ដោយ៖ស តារា