ក្រុមឈ្មួញ៖ ​រិះគន់សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​​ ទាមទារឲ្យ​ពួក​គាត់​បង់លុយ​ពេលរថយន្ត​ដឹកស្រូវ​ចូល១​គ្រឿង​២ម៉ឺនប្រាំពាន់រៀល

ចែករំលែក៖

ខេត្ត​កណ្តាល៖ ​មានសេចក្តីរាយការណ៍មួយ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ឆ្នាំ២០២០ម្សិលមិញនេះ​ថា ​ក្រុម​ឈ្មួញ​ខ្មែរដឹកស្រូវ​យក​ទៅ​លក់​ឲ្យឈ្មួញ​វៀតណាម ក៏​​ដូច​ជាអ្នកបើកបររថយន្ត បាន​លើក​ឡើងនឹងធ្វើការរិះគន់ចំពោះសមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ បានកៀបសង្កត់ក​ប្រជាពលរដ្ឋខ្មែរ​គ្នា​ឯង ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​បង់លុយ​ពេលរថយន្ត​ដឹកស្រូវ​ចូល១​គ្រឿង​២ម៉ឺនរៀល និងពេលចេញរថយន្តមកវិញគ្មានស្រូវសោះក៏ត្រូវបង់លុយ៥ពាន់រៀលទៀត។ ខណៈសមត្ថកិច្ច​ខាង​វៀតណាម​ គ្មានអ្នកណាយក​លុយ​ពី​ខ្មែរ​ផង។

សូមជម្រាបថា ស្រប​ពេល​ដល់​រដូវ​ប្រមូល​ផល​ច្រូតកាត់​ស្រូវប្រាំង ក្រុម​ឈ្មួញ​ជា​ច្រើន​បាន​នាំ​គ្នា​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​ពលរ​ដ្ឋ​​ក្នុងស្រុក តាម​បណ្តា​ខេត្ត​នានា ដឹក​ជញ្ជូន​តាម​រថយន្ត​ធំ​ៗ​រាប់រយ​គ្រឿង ឆ្លង​ដែន​ចូល​ទៅ​លក់​បន្ត​ឲ្យឈ្មួញ​នៃ​ប្រទេស​វៀត​ណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ស្ថិត​ក្នុងភូមិ​ក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

តាមការអះអាងពីក្រុម​ឈ្មួញ​ខ្មែរដឹកស្រូវ​យក​ទៅ​លក់​ឲ្យឈ្មួញ​វៀតណាម បានបញ្ជាក់ថា សមត្ថកិច្ចខ្មែរយើងដែលប្រចាំការនៅចក្រព្រំដែនបានកៀបសង្កត់លើពលរដ្ឋខ្មែរ គ្រាន់តែរថយន្តដឹកស្រូវបើកចូលទៅប្រទេសវៀតណាម ក្នុងមួយជើងត្រូវចំណាយ​លុយ​អស់​២ម៉ឺនប្រាំពាន់រៀល​ ។ ​ចំពោះ​រថយន្ត​ដឹកស្រូវ​ ក៏​បាន​បង្ក​ឲ្យកកស្ទះ​ចរាចរណ៍​យ៉ាង​ណែន​តាន់តាប់​ទាំង​យប់​ទាំង​ថ្ងៃ ​ចាប់ពី​ច្រក​ទ្វារ​ព្រំដែន ដល់​ភូមិ​ដំរី​ងាប់​ ចម្ងាយ​ប្រហែល​៥–៦​គីឡូ​ដី ។ ​ប្រភព​ដដែល បាននិយាយ​ទៀតថា ការ​កកស្ទះ​នេះ ​គឺ​បណ្តាល​មក​ពី​រថយន្ត​ចត​ឈប់​ ហើយអ្នកបើកបរ​រត់​ចុះ​ទៅ​បង់លុយ​ឲ្យច្រក​ទ្វារ​ខាង​ខ្មែរ​។

យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ ក្រុម​ឈ្មួញ​ក៏​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តព្រៃវែង មេត្តា​ជួយ​សម្របសម្រួល​ធ្វើ​ម៉េច​ឲ្យឈ្មួញ​វៀតណាម ​ឆ្លង​ដែន​ចូល​មក​ទិញ​ស្រូវ​នៅ​ត្រឹម​បេន​ក្នុង​ទឹកដី​ខ្មែរ​វិញ​ទៅ ដើម្បី​ឲ្យកម្មករ​ខ្មែរ​មានការ​ងារ​ធ្វើ​ផង ហើយ​ពួក​គាត់​ក៏​កាត់​បន្ថយ​ការ​ចំណាយ និង​ពេល​ដឹកស្រូវ​ចូល​ទៅ​ដល់​ដី​វៀតណាម គឺ​ទីផ្សារ​តែ​មាត់​ឈ្មួញ​គេ​ឲ្យ​តម្លៃ បើ​ទោះបី​ថោក​ឫ​ខាត ​ក៏ត្រូវ​តែ​បង្ខំចិត្ត​លក់​ឲ្យគេ​ផងដែរ មិន​អាច​ដឹកស្រូវ​ចេញ​មក​វិញ​បាន​ឡើយ ព្រោះខុស​គ្នា​ដាច់​ស្រឡះ​ពី​បេនរថយន្តកម្ពុជា ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print