ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាក Ford Range ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 .2.4761 ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់ រួចហេីយផ្លោងមកបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ចំណុចភ្លើងស្តុបទំនប់ទឹក ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមសាក្សីនៅកន្លែងកេីតហេតុបានបង្ហេីបប្រាប់ឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Ford Range ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 .2.4761 ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៧១ពីត្បូងទៅជេីងក្នុងល្បឿនលឿន ហើយខណៈមកដល់
ចំណុចកេីតហេតុសង្ស័យថាគេចពីម៉ូតូឆ្លងកាត់ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រួចហេីយរថយន្តបង្កបានផ្លោងទៅបុកជញ្ចាំងនិងទ្វារផ្ទះប្រជាពលរដ្ឋមួយល្វែងដែលនៅជាប់ផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក៏សំណាល្អដែរដែលមិនប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតនោះ។
ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ចុះមកពិនិត្យមេីលស្ថានភាពជាក់ស្ដែង និងឱ្យធ្វើការសម្របសម្រួលគ្នារវាងភាគីម្ចាស់ផ្ទះ និងភាគីរថយន្តបង្កដេីម្បីឲ្យបញ្ចប់គ្នានៅនិឹងកន្លែង តែដោយសារភាគីទាំងពីរមិនត្រូវគ្នា ព្រមទាំងរថយន្តបង្កបានប៉ះពាល់ដល់សម្បត្តិរដ្ឋផងនោះ ទេីបសមត្ថកិច្ចសម្រេចទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ