បើទោះបីរាប់សន្លឹកឆ្នោតដោយដៃម្តងមួយសន្លឹកនៅក្នុងរដ្ឋGeorgia តាមការចង់បានរបស់ក្រុមការងាររៀបចំការបោះឆ្នោតរបស់លោកត្រាំ ក៏មិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតនោះដែរ លោកត្រាំនៅតែចាញ់ដដែល។
អគ្គលេខាធិការរដ្ឋ GeorgiaលោកBrad Raffensperger កាលពីថ្ងៃទី១៩ខែវិច្ឆិកាបានប្រកាសថា ការរាប់សន្លឹកឆ្នោតដោយដៃនៅក្នុងរដ្ឋនេះបានបញ្ចប់ហើយ ដោយលទ្ធផល លោកបៃឌិន នាំមុខលោកត្រាំចំនួនសន្លឹកឆ្នោត 12.284 សន្លឹក។ លោក Raffensperger បន្តទៀតថានៅថ្ងៃទី ២០ខែវិច្ឆិកា និងប្រកាសលទ្ធផលផ្លូវការក្នុងរដ្ឋនេះ បញ្ចប់ការតវ៉ា។
ការរាប់សន្លឹកឆ្នោតក៏មានការផ្លាសប្តូរមួយចំនួន ដោយពីមុន លោកបៃឌិននាំមុខ14.000 សន្លឹក ប៉ុន្តែក្រោយការរាប់ដោយដៃ លោកបៃឌិននាំមុខតែ12.284 សន្លឹកតែប៉ុណ្ណោះ គឺថយចុះជាង១៧០០សន្លឹក ។ តាមច្បាប់នៅក្នុងរដ្ឋGeorgia លទ្ធផលបោះឆ្នោតមានគម្លាតពីគ្នា ត្រឹម០,៥ភាគរយចុះក្រោមនឹងមានសិទ្ធទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញដោយដៃម្តងមួយសន្លឹក។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ លោកបៃឌិននឹងដាក់លិខិតប្តឹងក្រុមការងាររបស់លោកត្រាំដែលមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។
បើទោះបីរងចាំដល់ខែធ្នូទើបលទ្ធផលបោះឆ្នោតជាផ្លូវការនឹងត្រូវប្រកាសជាផ្លូវការ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនានា របស់អាមេរិកបានផ្សាយយ៉ាងគគ្រឹកគក្រេងថា លោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា ។ ប៉ុន្តែលោកត្រាំ និងក្រុមការងារនៅតែបន្តប្រឆាំង មិនព្រមទទួលស្គាល់ ធ្វើឲ្យដំណើរការផ្ទេរអំណាចត្រូវជាប់គាំ។ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោកបៃឌិននឹងប្តឹងរដ្ឋាភិបាលរបស់លោកត្រាំឡើងទៅកាន់ រដ្ឋបាលសេវាកម្មទូទៅ (GSA) ដែលយឺតយ៉ាវក្នុងការផ្ទេរអំណាច៕ ដោយ៖ធីរីណា