Breaking News ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ! លោកស័ក្តិ៥ ហ៊ីម សំបូរ ជើងខ្លាំង យកកាំភ្លើង មកជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ជនរងគ្រោះទាំងគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ជើងខ្លាំង យកកាំភ្លើង មកជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាអ្នកភូមិផងរបងជាមួយនោះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមឱ្យដឹងពីស្ត្រីរងគ្រោះប្រាប់អង្គភាព«នគរដ្រេហ្គន» នៅមុននេះបន្តិច នាព្រលប់ថ្ងៃទី២០នេះ។
សូមរំឮកថា៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាដាច់ណាត់ ហើយត្រូវចាត់វិធានការខ្ពស់ចំពោះ ការអនុវត្តផ្លូវច្បាប់ទៅលើជនសង្ស័យដែលយកកាំភ្លើងគម្រាមបាញ់សម្លាប់ប្រជាពលរដ្ឋ ក្នុងប្រទេសគ្រប់គ្រងដោយច្បាប់។ ព្រោះថា មកដល់សម័យនេះហើយ មិនត្រូវនៅមាននាយទាហានយកកំហឹងទល់កំហល់ ប្រើប្រាស់កាំភ្លើង គម្រាមអ្នកជិតខាង ដោយគ្មានគិតពីអំពើល្មើសច្បាប់ និងខុសពីវិន័យកងទ័ពនោះឡើយ។
លោកមេបញ្ជាការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឱ្យដឹងថា៖ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី ឈានដល់បញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

សូមបញ្ជាកថា៖ យើងតាមពាក្យបណ្តឹង ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា៖ ជនរងគ្រោះមានរូបភាពកាន់កាំភ្លើង និងវីដេអូឃ្លីប និងបានដាក់ពាក្យបណ្តឹងចូលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា៖ នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៩៨១១៣៩ ទីលំនៅប់ច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូន លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ជាទីគោរពដ៏ខ្ពង់ខ្ពស់។
សុំប្តឹងពីឈ្មោះ ហ៊ីម សំបូរ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មាន ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបំម្រើការងារនៅ បញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លីកាន់ដើរមកសំដៅកន្លែងអ៊ុតសក់នាងខ្ញុំ។
ជនរងគ្រោះបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០:២០នាទី នៅចំណុចមុខ ផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់កាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ (មួយ) ដើម កាន់ ដើរកាត់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ( ជី ជី សាឡន ) ដោយបានធ្វើការ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី។ នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហ៊ឹម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំ បានសាងសង់ ផ្ទះ ល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងក្រុមគ្រួសារនាងខ្ញុំ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាង ណាដែលបានឈ្លោះជាមួយគេ ហើយសំឡុតនិងបានបោះពាក្យសម្តីថាហែងធ្វើមិនឈ្នះអញទេ ដែលទង្វើទាំងនេះគឺជាអំពើដែលខុសនឹងផ្លូវច្បាប់ទាំងស្រុង ព្រោះឈ្មោះខាងលើនេះក្នុងនាម ជាសមត្ថកិច្ចផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស ទង្វើទាំងអស់នេះធ្វើឱ្យនាងខ្ញុំរស់នៅមិនបានសុខ ដោយការគំរាមកំហែងថាសម្លាប់ទាំងគ្រួសារ ហើយបុរសនោះតែងនិយាយថា«ដោយសុខចិត្តស្លាប់ផងដែរ»។

សេចក្តីដូចបានជម្រាបជូនខាងលើសូម លោកមេបញ្ជាការ មេត្តាពិនិត្យ និងជួយ រកយុត្តិធម៌ជូននាងខ្ញុំ ស្របតាមនីតិវិធីច្បាប់ដោយ ក្ដីអនុគ្រោះ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមានសិទ្ធឃាត់ខ្លួនជនបង្កជានាយទាហាន តាមនីតិវិធី និងការពារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនត្រូវឱ្យអ្នកមានអាវុធ មានអំណាច ប្រើកាំភ្លើងតាមអំពើចិត្តគម្រាម ជេរសំឡុត អ្នកជិតខាងតាមអំពើចិត្តឡើយ។
សូមជម្រាបថា៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា ៖ លោកនឹងចាត់ចែងរឿងនេះ និងសួរនាំទៅសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ។ ទីបំផុត ! សមត្ថកិច្ចឃាត់ខ្លួនបានមែន កុំចេះហ៊ាន យកទម្លាប់ច្បាប់ព្រៃមកគម្រាមសម្លាប់ប្រជាពលរដ្ឋ។ ជនសង្ស័យរូបនេះ មិនត្រឹមតែសមត្ថកិច្ចបញ្ជូនទៅតុលាការប៉ុណ្ណោះ អាចអង្គភាព លុបឈ្មោះពីក្របខ័ណ្ឌកងទ័ព៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print