ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅ 659.511 នាក់ និងស្លាប់ថ្មី11.086 នាក់។
គិតមកដល់ម៉ោង១០ ព្រឹកថ្ងៃទី២១ខែវិច្ឆិកា អាមេរិកមានអ្នកឆ្លងថ្មីបន្ថែមដល់ទៅ 201.083នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងនៅអាមេរិកសរុបកើនឡើងដល់12,2 លាននាក់ និងស្លាប់ថ្មីបន្ថែម1.951នាក់ សរុបអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកមានដល់ទៅ260.283 នាក់។
សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសកម្មភាពមួយចំនួន ក្នុងនោះរដ្ឋញូវយ៉កបានសម្រេចបិទសាលារៀនជាថ្មី ហើយបើគិតត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ អាមេរិកបានរកឃើញករណីឆ្លងសរុបជាង ១លានករណី។
ជាមួយគ្នានេះក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក (Pfizer) និងម៉ូឌែណា (Moderna) បានដាក់សំណើទៅអាជ្ញាធរសុខាភិបាលអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ (ឲ្យបានមុនថ្ងៃបុណ្យណូអែល) ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល៕