អន្តរជាតិ៖ នេះជាលើកទី៣ហើយ ដែលមន្ត្រីជាន់ខ្ពស់របស់អាមេរិក បានធ្វើដំណើរមកដែនកោះតៃវ៉ាន់ រាប់ចាប់តាំងពីខែសីហាមកម្ល៉េះ បើទោះជារដ្ឋាភិបាលចិន បានចេញមកព្រមានយ៉ាងណាក៏ដោយ។ ស្រាប់តែនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីតៃវ៉ាន់ បានប្រកាសដូចផ្គើនទៅនិងចិនថា លោក Andrew Wheeler ប្រមុខទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA)ដែលមានឋានៈស្មើរដ្ឋមន្ត្រី នឹងមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់។
ជាក់ស្តែងតៃវ៉ាន់ បានប្រកាសពីគម្រោងប្រមុខទីភ្នាក់ងារការពារបរិស្ថានអាមេរិកមកតៃវ៉ាន់ ស្របពេលដែលទំនាក់ទំនងអាមេរិក និងចិនកំពុងអាប់អួរដោយសារបញ្ហាជាច្រើន និងក្រោយពេលចិនទើបនឹងតវ៉ាក្រោយរឿងអាមេរិកលក់អាវុធទៅតៃវ៉ាន់។
បើតាមលោក Su Tseng-chang នាយករដ្ឋមន្ត្រីតៃវ៉ាន់ បានលើកឡើងថា៖«តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសលោកJoseph Wu ប្រមុខភ្នាក់ងារបរិស្ថានអាមេរិកនឹងធ្វើដំណើរមកតៃវ៉ាន់ ដើម្បីពិភាក្សាពិភាក្សាលើកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាការពារបរិស្ថាន»។នាយករដ្ឋមន្ត្រីតៃវ៉ាន់ ដោយបានអះអាងទៀតថា ទស្សនៈកិច្ចខាងមុខនេះ នឹងផ្តល់ជាប្រយោជន៍ដល់ទំនាក់ទំនងនៃភាគីទាំង២។
បើយោងតាមកាសែត The New York Times ដំណើរទស្សនកិច្ចរបស់លោកWheeler នឹងមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី៥ធ្នូ។ ប៉ុន្តែទោះជាយ៉ាង លោក Su ពុំទាន់ប្រាប់ពីពេលវេលានៃដំណើរទស្សនកិច្ចនេះឡើយ ដោយគ្រាន់តែអះអាងថានឹងកើតឡើងក្នុងពេលវេលាមួយដ៏សក្តិសម។
ដោយឡែកលោកJame Hewitt អ្នកនាំពាក្យ លោក Wheeler ក៏បានអះអាងថា EPA កំពុងរៀបចំសម្រាប់ការធ្វើដំណើរ ហើយទស្សនកិច្ចរបស់ប្រមុខEPA គឺក្នុងក្របខណ្ឌសហប្រតិបត្តិការលើសំណុំរឿងដូចជាការបំពុលក្នុងសមុទ្រ គុណភាពខ្យល់ សុខភាពកុមារ និងគំនិតផ្តួចផ្តើម Save our Sea។
សូមជម្រាបថា ក្រោយតៃវ៉ាន់ប្រកាសដំណឹងនេះភ្លាមៗ ចិនក៏ប្រកាសប្រឆាំងតបវិញ។ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកZhao Lijian បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែវិច្ឆិកាដដែលនេះថា៖«ចិន នឹងធ្វើការឆ្លើយតបដោយស្របច្បាប់ នឹងចាំបាច់អាស្រ័យលើការវិវត្តទៅនៃស្ថានការណ៍»។
លើសពីនេះទៅទៀត រដ្ឋាភិបាលកោះតៃវ៉ាន់ ម្តងហើយម្តងទៀតលើកឡើងថា បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋគាំទ្រតៃវ៉ាន់។ចំណែកកាលពីសប្តាហ៍កន្លងទៅ លោកស្រី Bi-khim Hsiaoតំណាងការិយាល័យពាណិជ្ជកម្មតៃវ៉ាន់ បានជួបជជែកគ្នាជាមួយលោកAntony Blinken ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន។ អាមេរិក ពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទៀតឡើយ ប៉ុន្តែបន្តជាផ្គត់ផ្គង់អាវុធដ៏ចម្បងឲ្យតៃវ៉ាន់។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកតៃវ៉ាន់ តែងតែនាំឲ្យចិនប្រតិកម្មក្តៅក្រហាយ ដ្បិតអីចិនចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន។ បន្ទាប់ពីអាមេរិក កាលពីខែសីហាកន្លងមក បានបញ្ជូន រដ្ឋមន្ត្រីសុខភិបាលលោក Alex Azar មកតៃវ៉ាន់ ។ ចំណែកក្នុងខែកញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោក Keith Krach ក៏បានមកធ្វើទស្សនកិច្ចលើកោះនេះដែរ។ ក្នុងដំណើរទស្សនកិច្ចទាំង២លើក ចិនបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនមកហោះកៀកនឹងដែនកោះតៃវ៉ាន់៕ដោយ៖ស តារា
Su Tseng-chang នាយករដ្ឋមន្ត្រីតៃវ៉ាន់
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian
លោក Andrew Wheeler ប្រមុខទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA)