អាមេរិក-អាស៊ានចេញសេចក្ដីថ្លែងការណ៍រួម១៧ចំណុចក្រោយបញ្ចប់កិច្ចប្រជុំ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ អាមេរិក-អាស៊ានចេញសេចក្ដីថ្លែងការណ៍រួម១៧ចំណុចក្រោយបញ្ចប់កិច្ចប្រជុំ មានដូចជា៖

ទី១៖ ការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពនយោបាយ នៃជាតិសាសន៍ទាំងអស់ ដោយឈរលើគោលការណ៍និងគោលបំណងនៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញអាស៊ាន និងច្បាប់អន្ដរជាតិ។

ទី២៖ សារៈត្រូវចែករំលែកភាពរុងរឿង និរន្ដរភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ព្រមទាំងបណ្ដុះគំនិតអ្នកជំនាន់ក្រោយ ឲ្យបន្ដទ្រទ្រង់សន្ដិភាព ការភិវឌ្ឍន៍ និងស្ថេរភាពសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

ទី៣៖ ការទទួលស្គាល់ទៅវិញទៅមកនូវការបន្ដគោលនយោបាយ ដែលអាចដឹកនាំទៅរកភាពរឹងមាំ ការបើកទូលាយ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ការបង្កើតការងារថ្មី ភាពជាសហគ្រិន និងបង្កើតសកម្មភាពគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍ។

ទី៤៖ ការប្ដេជ្ញាចិត្ដរបស់អាមេរិកនិងសមាគមអាស៊ាន គឺធានាឲ្យបាននូវឱកាសសម្រាប់មនុស្សគ្រប់រូប តាមរយៈការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការលើកកម្ពស់ការការពារសិទ្ធិមនុស្សនិងមូលដ្ឋានសេរីភាព ការលើកទឹកចិត្ដឲ្យមានការផ្សព្វផ្សាយពីការអត់ឱន ការសម្រុះសម្រួល និងការពារពារបរិស្ថាន។

ទី៥៖ គោរពនិងគាំទ្រចំណុចស្នូលអាស៊ាន និងយុទ្ធសាស្ដ្រដឹកនាំរបស់អាស៊ាន ក្នុងការវិវត្ដន៍នៃស្ថបត្យកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទី៦៖ការប្រកាន់ខ្ជាប់នូវច្បាប់ក្នុងតំបន់និងច្បាប់អន្ដរជាតិ ដែលមានមូលដ្ឋានលើកកម្ពស់និងការពារសិទ្ធិនិងឯកសិទ្ធិរបស់បណ្ដារដ្ឋទាំងអស់។

ទី៧៖ ចែករំលែកការប្ដេជ្ញាចិត្ដក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធី រួមបញ្ជូលទាំងការគោរពឲ្យបានពេញលេញនូវដំណើរការការទូត ដោយមិនចាំបាច់ភ័យខ្លាចការគំរាមកំហែង ឬការប្រើកម្លាំងណាមួយឡើយ ដោយអនុលោមទៅតាមគោលការណ៍ទទួលស្គាល់ជាសាកល នៃច្បាប់អន្ដរជាតិ និងអនុសញ្ញាឆ្នាំ១៩៨២ របស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

ទី៨៖ ការប្ដេជ្ញាចិត្ដដើម្បីរក្សាសន្ដិភាព សន្ដិសុខ និងស្ថេរភាពនៅក្នុងតំបន់ ក៏ដូចជាធានាឲ្យបាននូវសន្ដិសុខនិងសុវត្ថិភាពដែនសមុទ្រ ក្នុងនោះរាប់បញ្ចូលទាំងសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ ការហោះហើរ និងការប្រើប្រាស់ដែនសមុទ្រដោយស្របច្បាប់ផ្សេងទៀត មានការធ្វើពាណិជ្ជកម្មជាដើម ដូចបានរៀបរាប់ក្នុងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។

ទី៩៖ ការប្ដេជ្ញាចិត្ដដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្ដិការ ក្នុងការដោះស្រាយបញ្ហាប្រឈមជាទូទៅក្នុងដែនសមុទ្រ។

ទី១០៖ តាំងចិត្ដដឹកនាំឲ្យរឹងមាំ ដើម្បីដោះស្រាយបញ្ហាជាសាកលដូចជាអំពើភេរវកម្ម អំពើជ្រុលនិយម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន អំពើខុសច្បាប់ដែលមិនបានរាយការណ៍ ការនេសាទគ្មានច្បាប់ទម្លាប់គ្រប់គ្រង ព្រមទាំងការជួញដូរសត្វព្រៃនិងព្រៃឈើខុសច្បាប់។

ទី១១៖ ការប្ដេជ្ញាចិត្ដដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ភាពធននឹងអាកាសធាតុ ដើម្បីថែរក្សានិរន្ដរភាពបរិស្ថានក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងប្រទេសនីមួយៗ ដូចដែលបានប្ដេជ្ញាក្នុងកិច្ចព្រមព្រៀងស្ដីពីបញ្ហាអាកាសធាតុក្នុងក្រុងប៉ារីសកន្លងមក។

ទី១២៖ ការប្ដេជ្ញាចិត្ដដើម្បីលើកកម្ពស់ និងការផ្សព្វផ្សាយពីសន្ដិសុខ ស្ថេរភាពតាមប្រព័ន្ធអ៊ីនធឺណេត ស្របតាមបទដ្ឋាននៃឥរិយាបទរបស់រដ្ឋដែលទទួលខុសត្រូវ។

ទី១៣៖ គាំទ្រការឈានទៅរកភាពរឹងមាំ ធ្វើឲ្យមានស្ថេរភាព ភាពស្អិតរមួតផ្នែកនយោបាយ រួមបញ្ចូលគ្នាលើវិស័យសេដ្ឋកិច្ច ការទទួលខុសត្រូវក្នុងសង្គម តម្រង់ទិសប្រជាជន ការយកប្រជាជនជាស្នូល និងគាំទ្រច្បាប់ជាមូលដ្ឋានក្នុងសមាគមអាស៊ាន។

ទី១៤៖ ការប្ដេជ្ញាចិត្ដដើម្បីពង្រឹងការតភ្ជាប់គ្នារវាងប្រជាជននិងប្រជាជនតាមរយៈកម្មវិធី ដែលតភ្ជាប់អាស៊ានជាមួយប្រជាជនអាមេរិក ជាពិសេសគឺក្មេងជំនាន់ក្រោយ និងផ្ដល់ឱកាសសម្រាប់ប្រជាជនទាំងអស់ ដើម្បីឲ្យពួកគេអាចបំពេញចក្ខុវិស័យរបស់សមាគមអាស៊ាន។

ទី១៥៖ ការប្ដេជ្ញាចិត្ដដើម្បីលើកកម្ពស់ភាពជាដៃគូជាសាកល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព តាមរយៈការអនុវត្ដន៍របៀបវារៈនៃផែនការអភិវឌ្ឍឆ្នាំ២០៣០ ដើម្បីធានាឲ្យបាននូវសង្គមមួយប្រកបដោយនិរន្ដរភាព សមភាព ដោយមិនទុកឲ្យនរណាម្នាក់នៅក្រៅសង្គមឡើយ។

ទី១៦៖ ការប្ដេជ្ញាចិត្ដដើម្បីបង្កើនកិច្ចសហការគ្នា ទាំងនៅវេទិកាអន្ដរជាតិនិងក្នុងតំបន់ ជាពិសេសយន្ដការដឹកនាំដោយអាស៊ានដែលមានស្រាប់។

ទី១៧៖ ការប្ដេជ្ញាចិត្ដដើម្បីឲ្យមានកិច្ចពិភាក្សានយោបាយកម្រិតខ្ពស់ប្រចាំឆ្នាំបន្ដទៀត ក្រោមវត្ដមានចូលរួមពីមេដឹកនាំអាមេរិកនិងមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត៕

12688311_1711010709181162_829328678020220783_n

12743570_1711010772514489_2262287441740735974_n

...

ដោយ៖ យុវជន៧មករា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print