អន្តរជាតិ៖ បើតាមការដកស្រង់ទិន្នន័យពីគេហទំព័ររបស់ Worldometer នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជាកំណត់ត្រាថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះរកឃើញករណីឆ្លង COVID-19ថ្មី រហូតដល់ទៅ ១៧២,១០៣ករណីខណៈអ្នកជំងឺ ៩៧២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។
ប្រភពដដែលបន្តថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,៧៧៧,១៧៤ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦៣,៦៨៧នាក់ និងជាសះស្បើយឡើងវិញចំនួន ៧,៥៤៨,៩៤០នាក់។
ចំណែកឯសន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិក បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកផងដែរ។
គួរជម្រាបដែរថា នៅទីបំផុតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមឲ្យមន្ត្រីរបស់លោក រៀបចំធ្វើការផ្ទេរអំណាចទៅដល់លោក ចូ បៃដិន ជាផ្លូវការហើយ ដោយប្រការនេះត្រូវបានគេមើលឃើញថា នឹងការដោះស្រាយបញ្ហារាតត្បាត COVID-19 កាន់តែប្រសើរជាងមុន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កន្លងមកបានគូសបញ្ជាក់ថា លោកមិនមានផែនការបិទប្រទេសឡើយ ប៉ុន្តែវិធានការតម្រូវឲ្យពាក់ម៉ាសទូទាំងសហរដ្ឋអាមេរិក និងការរឹតត្បិតមួយចំនួនទៀត ក្នុងនោះព្រមទាំងកញ្ចប់ថវិកាសង្គ្រោះផងដែរ អាចនឹងត្រូវដាក់ចេញភ្លាមៗ បន្ទាប់ពីលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕ដោយ៖ស តារា