អភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករនិងចូលរួមរំលែកទុក្ខគ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនបងប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសពក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកឥដ្ឋបុកជាមួយរថយន្តដឹកកម្មករក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា។ ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្សាច់កណ្ដាលនេះ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៦និង៤០នាទី នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកHyundai ធុនដឹកទំនិញធំពណ៌សពាក់ស្លាកលេខភ្នំពេញ 3- 0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកគូទរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឱ្យមនុស្សរងគ្រោះចំនួន៨នាក់ របួសធ្ងន់ចំនួន៧នាក់ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។ នៅពេលរថយន្តបង្កខាងលើបានបុកគូទរថយន្តដឹកកម្មករនោះរួច ក៏បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

អំណោយដែលសាខាបានផ្តល់ជូនក្នុង១នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ,មី១កេស ,ត្រីខ ១០កំប៉ុង ,ឃីត១កញ្ចប់, ម៉ាស់១០បន្ទះ, អាល់កុល១ដប និងថវិកាចំនួន២០ម៉ឺនរៀល។ ដោយឡែកគ្រួសារសពអង្ករ ៥០គីឡូក្រាម ,មី២កេស ,ត្រីខ ២០កំប៉ុង ,ឃីត១កញ្ចប់ ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ,ម៉ាស់ ១០បន្ទះ, អាល់កុល១ដប និងថវិកាចំនួន ១លានរៀល៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print