បុរសជនជាតិកូរ៉េខាងជើងម្នាក់គឺជាអតីតកីឡាករកាយសម្ព័ន្ធបានលោតផ្លោះរបងលួសបន្លាមានកម្ពស់ដល់ទៅ៣ម៉ែត្រភៀសខ្លួនចូលក្នុងទឹកដីកូរ៉េខាងត្បូងដោយសុវត្ថិភាព។
សារព័ត៌មានRTបានផ្សាយថា បុរសជនជាតិកូរ៉េខាងជើងបានភៀសខ្លួនចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង តាមរយៈការលោតផ្លោះរបងកម្ពស់៣ម៉ែត្រនៅព្រំដែនប្រទេសទាំងពីរ។
បុរសដែលផ្លោះរបងនោះមានអាយុ ២០ឆ្នាំ បានគេចពីក្រសែភ្នែកទាហានការពារព្រំដែនយ៉ាងងាយស្រួលបំផុតដោយលោតផ្លោះរបងយ៉ាងរហ័សចូលទៅកាន់តំបន់ សគ្មានយោធា មិនមានអ្នកណាម្នាក់ដឹងឡើយ។
សូមបញ្ជាក់ថា បុរសកូរ៉េខាងជើង បានចូលដល់តំបន់គ្មានយោធា (DMZ) នៅវេលាម៉ោង៧យប់ថ្ងៃទី៣ខែវិច្ឆិកា(ម៉ោងក្នុងតំបន់)ហើយទាហានការពារព្រំដែនកូរ៉េខាងត្បូង ក៏បានចាប់ខ្លួនក្រោយ១៤ម៉ោងឆ្លងចូលព្រំដែន ។
អតីតកីឡាករកាយសម្ព័ន្ធរូបនេះបានស្នើសុំភៀសខ្លួននៅក្នុងទឹកដីកូរ៉េខាងត្បូង។ ដោយសារតែមានមាឌតូចស្រាលទើបរូបគេងាយស្រួលក្នុងការលោតផ្លោះរបងកម្ពស់៣ម៉ែត្រ។
ពឹងផ្អែកទៅលើឯតទគ្គកម្មលោតខ្ពស់បំផុតលើពិភពលោកគឺមានកម្ពស់តែ២,៤៥ម៉ែត្រប៉ុណ្ណោះ ហើយបុរសជនជាតិកូរ៉េខាងជើង អាចនឹងប្រើឧបករណ៍ជំនួយទើបអាចលោតបានកម្ពស់ជាង៣ម៉ែត្រ។ មុនពេលទទួលស្គាល់ថាពិតជាបានផ្លោះរបងព្រំដែន បុរសជនជាតិកូរ៉េខាងជើងត្រូវបានស្នើឲ្យលោតដើម្បីបញ្ចាក់ការណ៍ពិត ហើយពិតជាលោតបានខ្ពស់មែន៕