ដំរី​ឯកោ​ឈ្មោះ Kaavan​ មុននឹងបញ្ជូនមកប្រទេសកម្ពុជាវិញ ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ ស្កាត់​ជួប​ជាលើក​ចុងក្រោយ

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុត ​ដំរីឯកោឈ្មោះ Kaavan នឹងត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ដែន​ជម្រក​សត្វ​ដំរី ដើម្បីចាប់ផ្តើម​ជីវិត​ថ្មី​នៅ​កម្ពុជានាថ្ងៃអាទិត្យ​ថ្ងៃទី​២៩ ខែវិច្ឆិកា​ខាងមុខនេះ បន្ទាប់ពី​យុទ្ធនាការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​សត្វ ​និង​តារាចម្រៀង​ល្បី​គឺ​អ្នកស្រីCher ដែល​ជួយសង្គ្រោះ​ដំរី​នេះ​ពី​ស្ថានភាព​ដ៏​សែន​អាក្រក់​ដោយ​គ្មាន​ដៃគូ​នោះ។

ប៉ុន្តែមុននឹងដំរីមួយនេះ ត្រលប់មកប្រទេសកម្ពុជាវិញនោះ ប្រធានាធិបតី​ប៉ា​គី​ស្ថាន​លោក Arif Alvi បានស្កាត់​ជួប​ជាលើក​ចុងក្រោយ​ជាមួយកាលពី​ថ្ងៃ​អង្គារ​ទី​២៤ ខែវិច្ឆិកាថ្មីៗនេះ ខណៈដែលដំរី​ឯកោ​ឈ្មោះ Kaavan កំពុងស្ថិត​នៅ​សួនសត្វ​នៃ​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន។​

​ជាក់ស្តែងលោកប្រធានាធិបតី​ប៉ា​គី​ស្ថានរូបនេះ ដែល​ពាក់​ម៉ាស់​ និង​ភរិយា​របស់លោក​គឺ​អ្នកស្រី Samina បាន​ឲ្យដំរី Kaavan ស៊ី​ចេក​នៅពេល​ពួកគេ​ពិភាក្សា​ជាមួយ​សមាជិក​នៃ​អង្គការ​ជួយសង្គ្រោះ​សត្វ​គឺ អង្គការ Four Paws អំពី​ផែន​ការដឹក​ដំរី​នេះ​។​

​លោក Alvi បាន​បញ្ជាក់បន្ថែមថា​៖ «​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​ប្រទេស​កម្ពុជា​ដំរី​នេះ​នឹងមាន​សុភមង្គល ពីព្រោះ​អស់​ពេល​យូរណាស់​ទើប​គេ​ដឹងថា ដំរី​នេះ​មាន​ភាព​តានតឹង​ផ្លូវចិត្ត​»​។​

​សូមជម្រាបថា ដំរី​ឯកោឈ្មោះ Kaavan នេះ​ត្រូវបាន​គេ​ដឹងថា ចូលចិត្ត​ស្តាប់ភ្លេង​និង​ចូលចិត្ត​លោក Amir Khalil បុគ្គលិក​សត្វព្រៃ​នៃ​អង្គការ Four Paws ដែលមាន​ចំណង​ផ្លូវចិត្ត​ជាមួយ​ដំរី ដោយ​ច្រៀង​ចម្រៀង Frank Sinatra ។ ជាមួយគ្នានេះ ដំរី Kaavan ធ្លាប់​គឃ្លើន​ដាក់​មនុស្ស​នាពេល​កន្លងមក​ផងដែរ។

ដោយឡែកតារាចម្រៀង Cher គ្រោង​នឹង​ទៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ជួប​និង​ជូន​ដំណើរដំរី ដែល​នាង​បានធ្វើការ​ជួយសង្គ្រោះ​អស់​ជាច្រើន​ឆ្នាំ​នេះ។

​គួរបញ្ជាក់ថា ដំរី​នេះ​ នឹងត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ជាមួយ​អ្នកឯកទេស​អន្តរជាតិ​ដែល​ប្រើ​ចេក ដើម្បី​ឲ្យ​ដំរី​នេះ​ព្រម​នៅ​កន្លែង​ចង្អៀត​និង​សំឡេង​ខ្លាំងៗ​ពេល​ជិះ​យន្តហោះ​១០​ម៉ោង​។​

ចំណែកឯ​វិស្វករ​ដែល​រៀបចំ​ទ្រុង​ដឹក​ដំរី​ ក៏បានអះអាងថា ទ្រុង​នេះ​លាប​ពណ៌​តាមបែប​ប្រពៃណី​ប៉ា​គី​ស្ថាន​ ដែល​តុបតែង​ដោយ​រូប​សត្វ​ពណ៌​ឆើត​និង​ទង់ជាតិ​ប៉ា​គី​ស្ថាន​ ដើម្បី​អបអរ​ពិធី​រីករាយ​នេះ​​​ផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print