ទំនាក់ទំនងរវាងអូស្ត្រាលី និឹងចិន កាន់តែតានតឹងឡើង ក្នុងពេលដែលនាវាដឹកធ្យូងថ្មដល់ទៅ៦០គ្រឿង មានតម្លៃជាង៥០០លានដុល្លារអូស្ត្រាលី ជាប់គាំងនៅកំពង់ផែប្រទេសចិន។
ការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ក្រោយពេលដែលចិនអនុម័តដំឡើងពន្ធនាំចូលស្រូវសាឡី និងផ្អាកនាំចូលសាច់គោពីអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ពេលថ្មីៗនេះបានឲ្យដឹងថា «នឹងតែងតាំងបុគ្គលល្អបំផុតដើម្បីបំបែកភាពជាប់គាំង ជាមួយចិន ខណៈដែលនាវាដឹកធ្យូងថ្មជាង៦០គ្រឿងមានតម្លៃជាង៥០០លានដុល្លារ ព្រមទាំងនាវិក ១ពាន់នាក់របស់អូស្ត្រាលីជាប់គាំងនៅតំបន់សមុទ្រជិតកំពង់ផែប្រទេសចិន ។
ទំនាក់ទំនងអូស្ត្រាលីនិងចិនកាន់តែតានតឹងចាប់តាំងពីខែមេសាកន្លងមក ដែលអូស្ត្រាលីបានគាំទ្រដល់ការស្រាវជ្រាវពីប្រភពកូវីដ-១៩ ។ ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ហើយចិនក៏បានតបតភ្លាមៗ តាមរយៈការដំឡើងពន្ធ និងផ្អាកទិញទំនិញពីអូស្ត្រាលី។ មិនតែប៉ុណ្ណោះចិនក៏បានព្រមានពលរដ្ឋត្រូវប្រុងប្រយ័ត្នពេលទៅកម្សាន្តក្នុងប្រទេសអូស្ត្រាលីទៀតផង ។
នៅពេលនេះរដ្ឋាភិបាលអូស្ត្រាលី ជួបផលលំបាកយ៉ាងខ្លាំងក្នុងការដោះស្រាយវិវាទជាមួយចិន ដោយសារតែថ្នាក់ដឹកនាំប្រទេសទាំងពីរមិនបានទំនាក់ទំនងគ្នាដោយផ្ទាល់តាំងពីខែមេសាមកទល់ពេលនេះពាក់ព័ន្ធបញ្ហាកូវីដ-១៩ ។ អូស្ត្រាលីបានស្តាប់តាមអាមេរិក ចោទប្រកាន់ចិនជាអ្នកបង្កើតឲ្យមានកូវីដ-១៩ ហើយទាមទារទៅស្រាវជ្រាវក្នុងទីក្រុងវូហានទៀតផង៕