នៅថ្ងៃទី២៧ខែវិច្ឆិកា កសិករឥណ្ឌា រាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់កសិកម្មថ្មីរបស់រដ្ឋាភិបាល។ ក្រុមបាតុករឥណ្ឌាមកពីបណ្តារដ្ឋបាននាំគ្នាសម្រុកទៅកាន់រដ្ឋធានីដើម្បីប្រឆាំងច្បាប់កសិកម្មថ្មី។
សារព័ត៌មានANI បានដកស្រង់សម្តីលោក Saddu Singh Aggrawal ដែលជាតំណាងបាតុករមួយរូបបានលើកឡើងថា
«ក្រុមកសិករមកពីរដ្ឋ Punjab និង Haryana កំពុងតែធ្វើដំណើរមករដ្ឋធានីញូវដេលី ដើម្បីធ្វើបាតុកម្ម ប្រឆាំងនៅទីលានRam Lila។ តំណាងបាតុករខាងលើបានលើកឡើងទៀតថា «រដ្ឋាភិបាល បានប្រើប្រាស់រថយន្តបាញ់ទឹក ទប់ស្កាត់ក្រុមបាតុករនៅព្រំដែនរដ្ឋPunjab-Haryana ចូលទៅកាន់រដ្ឋធានី ប៉ុន្តែយើងបានឆ្លងផុតដើម្បីធ្វើបាតុកម្មប្រឆាំងច្បាប់ ផ្ទុយពីផលប្រយោជន៍របស់កសិករ»។
តាមសារព័ត៌មានANI បានផ្សាយថា ក្នុងរយៈពេល១២-១៥ម៉ោង កន្លងមកកសិករបានធ្វើដំណើរជិតមកដល់រដ្ឋធានីញូវដេលីហើយ។ កម្លាំងប៉ូលិសជាច្រើនបានត្រៀមលក្ខណៈទប់ស្កាត់ក្រុមបាតុករ ។ ក្រុមសន្តិសុខបានត្រួតពិនិត្យតាមច្រកចូលនានាមកទីក្រុងញូវដេលីបញ្ចៀសភាពចលាចលកើតឡើង។
ក្រុមបាតុករឥណ្ឌាប្រឆាំងច្បាប់កសិកម្មថ្មី ដោយក្នុងនោះឲ្យកសិករ លក់ផលិតផលកសិកម្មរបស់ខ្លួន នៅលើទីផ្សារផ្ទាល់ មិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាលជារដ្ឋាភិបាល ។ សកម្មភាពទាំងនោះ បង្កក្តីបារម្ភខ្លាចរដ្ឋាភិបាលឈប់ទិញផលិតផលកសិកម្មរបស់ខ្លួនដែលខិតខំធ្វើ ហើយបើលក់ឲ្យឈ្មួញផ្ទាល់អាចនឹងធ្លាក់ថ្លៃខ្លាំង ។
បាតុកម្មខាងលើបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ ។ បច្ចុប្បន្នឥណ្ឌាឈរលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងសរុប ដល់ទៅ ជាង៩,៣លាននាក់ និងស្លាប់ជាង១៣៥ពាន់នាក់ ៕