រឿងព្រេងខ្មែរ÷ រឿងស្រីមាយាដកខ្ញី

ចែករំលែក៖

មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់ ជា​ប្ដី​ប្រពន្ធ នៅ​ក្នុង​ស្រុក​មួយ ប្ដី​ជា​មនុស្ស​ចិត្ត​ត្រង់ តែ​គ្មាន​ប្រាជ្ញា ឯ​នាង​ប្រពន្ធ​នោះ ជា​ស្រី​ចិត្ត​មិន​ត្រង់​នឹង​ប្ដី តែ​ចេះ​មាយា​ច្រើន ។

ថ្ងៃ​មួយ​នាង​ប្រពន្ធ មាន​ចិត្ត​ប្រាថ្នា​ចង់​ជួប​នឹង​សហាយ​ណាស់ ដោយ​ឃ្លាត​គ្នា​យូរ​ហើយ តែ​មិន​ដឹង​ជា​ធ្វើ​ម្ដេច​នឹង​ទៅ​ជួប​បាន ព្រោះ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​គ្នា បើ​ដើរ​ទៅ​ខ្លាច​ខ្មោច​លង ។ នាង​ប្រពន្ធ​ក៏​និយាយ​នឹង​ប្ដី​ខ្លួន​ថា «អ្នក! ល្ងាច​នេះ​យើង​គិត​ទៅ​រក​ទិញ​មាន់​មួយ មក​ធ្វើ​ស៊ី​បាយ​ម្ដង អ្នក​ចង់​ស៊ី​ទេ ?» ។ ប្ដី​តប​វិញ​ថា «ចង់​ស៊ី​ដែរ » ។ ប្រពន្ធ​ថា «ខ្ញុំ​ចង់​ស៊ី​ខួរ​ខ្ញី» ។ ប្ដី​ថា « អើ! អញ​ក៏​ចង់​ស៊ី​ខួរ​ខ្ញី​ដែរ» ថា​ហើយ ក៏​បបួល​គ្នា​ចុះ​ដើរ​ទៅ​ទិញ​មាន់​អ្នក​ស្រុក នៅ​ភូមិ​ជិត​ផ្ទះ​សហាយ​នោះ ។ ប្ដី​និង​ប្រពន្ធ​បបួល​គ្នា​សួរ​រក​ទិញ​គ្រប់​តែ​ផ្ទះ ។ នាង​ប្រពន្ធ​ដើរ​បែក​ពី​ប្ដី​ទៅ​ជួប​សហាយ វា​និយាយ​កិច្ចកល​ផ្សេង​ៗ​ រួច​មក​ជួប​នឹង​ប្ដី​វិញ ហើយ​ប្រាប់​ប្ដី​ថា «អ្នក ! ផ្ទះ​ឯណោះ​គេ​មាន​មាន់​លក់ គេ​ប្រាប់​ខ្ញុំ​អម្បាញ់មិញ » ។ ប្ដី​ព្រម​ទៅ​តាម​ប្រពន្ធ​ប្រាប់ ក៏​ទិញ​បាន​មេ​មាន់​មួយ យួរ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​នោះ​ជា​ពេល​ពន់​ព្រលប់ ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​នាង​ប្រពន្ធ​ធ្វើ​មាយា​គក់​ដើម​ទ្រូង ហើយ​ថា «ឱ ! អ្នក​អើយ ! ភ្លេច​ដូច​គេ​លត់​ទៅ​ហើយ » ។ ប្ដី​សួរ​ថា «ភ្លេច​អី ?» ។ ប្រពន្ធ​ថា « ភ្លេច​ខ្ញី​ទៅ​ហើយ​អ្នក ! បើ​ដូច្នោះ​អ្នក​ឯង​នៅ​ៗ​នេះ​សិន​ចុះ ខ្ញុំ​រត់​ទៅ​វា​ឆាប់» ហើយ​នាង​នោះ​រត់​ទៅ ។ ប្ដី​ក៏​ឈរ​ចាំ​ប្រពន្ធ ឯ​នាង​ប្រពន្ធ កាល​ឃ្លាត​ពី​ប្ដី​ហើយ ក៏​គេច​ទៅ​ជួប​នឹង​ប្រុស​សហាយ​ខ្លួន ហេតុ​តែ​រឭក​សហាយ​ខ្លាំង​ណាស់​ក៏​ប្រះ​ដេក​ទៅ​ដី មិន​រក​ផ្ទះ​សម្បែង​ទេ ដោយ​ប្រញាប់​ទៅ​ជួប​ប្ដី​វិញ ។

ឯ​បុរស​សហាយ​នោះ ក៏​ទទួល​ភារៈ​នាង​នោះ​ទៅ រួច​នាង​នោះ​យក​ខ្ញី​ពី​សហាយ ហើយ​ផ្ដាំ​ថា «ល្ងាច​នេះ ឲ្យ​អ្នក​បង​ចាំ​មើល បើ​មាន​ពេល​ស្រួល ចូល​ទៅ​ដេក​ម្ដង​ទៀត​ចុះ » និយាយ​កិច្ចការ​សព្វ​គ្រប់​ហើយ នាង​នោះ​ក៏​ត្រឡប់​មក​ឯ​ប្ដី​ដើម​វិញ ។ ដី​ដែល​ប្រះ​ដេក​នោះ ក៏​នៅ​ជាប់​នឹង​ខ្នង មិន​ទាន់​បោស​នៅ​ឡើយ ព្រោះ​ដើរ​មក​ដោយ​ប្រញាប់ លុះ​ដើរ​មក​ដល់​ប្ដី​ខ្លួន​ហើយ ក៏​សើច​ក្អាកក្អាយ និយាយ​ទៅ​កាន់​ប្ដី​ថា « បើ​អ្នក​ឃើញ​អំមិញ​ប្រហែល​ជា​សើច​ដាច់​ខ្យល់​ស្លាប់​ហើយ » ។ ប្ដី​សួរ​ថា «សើច​អី ? »។ ប្រពន្ធ​តប​ថា « នែ ! អ្នក​មើល​ខ្នង​ខ្ញុំ បោស​ឲ្យ​បន្តិច​មក៍ ! ហ្នឹង​ហើយ​ខ្ញុំ​ដក​ខ្ញី វា​របូត​ដៃ​ទាំង​អស់ ខ្ញុំ​ដួល​ផ្ងារ​ទៅ​ក្រោយ​បះ​ជើង​ច្រោង បាន​ជា​ដី​ប្រឡាក់​ខ្នង​ខ្ញុំ​អស់» ។ ប្ដី​មិន​ដឹង​ក៏​បោស​ខ្នង​ឲ្យ​ប្រពន្ធ​ទៅ រួច​ហើយ​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ ធ្វើ​បាយ​និង​មាន់​ស៊ី ធ្វើ​រួច​ហើយ​ពេល​ងងឹត​ស៊ី​បាយ​រួច ប្រពន្ធ​និយាយ​នឹង​ប្ដី​ថា «អ្នក ! ផ្លុំ​ប៉ី​ទៅ ខ្ញុំ​នឹង​ស្ដាប់» ប្ដី​ក៏​យក​ប៉ី​មក​ផ្លុំ ។ ប្រពន្ធ​ដេក​ស្ដាប់​ៗ​បន្តិច​ទៅ ក៏​កិល​មក​ដេក​លើ​ភ្លៅ​ប្ដី​ ហើយ​ថា « ពីរោះ​ណាស់​អ្នក! អ្នក​ផ្លុំ​ប៉ី​ ភ្នែក​មើល​រន្ធ​ដែរ​ឬ​ទេ ? បើ​អ្នក​មិន​មើល​រន្ធ ធ្វើ​ម្ដេច​នឹង​ចាប់​បើក​បទ​ឲ្យ​ត្រូវ​ទំនុក ? ប្ដី​តប​ថា​ទេ ! « មិន​បាច់​មើល​រន្ធ​ទេ​ព្រោះ​ដៃ​ចាំ​ស្ទាត់ ហើយ​ចំណាំ​រន្ធ​ផង » ។ ប្រពន្ធ​ថា « បើ​ដូច្នេះ​ ខ្ញុំ​បិទ​ភ្នែក​អ្នក​ទាំង​ពីរ​មើល អ្នក​នៅ​តែ​ផ្លុំ​ពីរោះ​ដូច​ដែល​ឬ​ទេ ? ។ ប្ដី​តប​ថា « បិទ​ចុះ ក៏​នៅ​តែ​ផ្លុំ​ពីរោះ​ដូច​មុន​ដែរ » ។ ប្រពន្ធ​ យក​ដៃ​បិទ​ភ្នែក​ប្ដី​ខ្លួន​ទាំង​២ រួច​ហើយ​ក៏​កន្ធែក​ជើង​ឲ្យ​សហាយ​នោះ​ឃើញ ។ បុរស​សហាយ​ឃើញ​ស្រី​សហាយ​ខ្លួន​បិទ​ភ្នែក​ប្ដី​បាន ហើយ​កន្ធែក​ជើង​ឲ្យ​សញ្ញា​ដូច្នោះ ក៏​ចូល​ទៅ​រួម​សំវាស​នឹង​នាង​នោះ​ទៅ ។

លុះ​សហាយ​នោះ​ថយ​ចេញ ទើប​ប្រពន្ធ​លែង​បិទ​ភ្នែក​ប្ដី ។ ប្ដី​នាង​ក៏​មិន​អាច​ដឹង​ដល់​កិច្ចកល​នោះ​ឡើយ ។ ព្រោះ​ហេតុ​នេះ​ បាន​ជា​មាន​ពាក្យ​បុរាណ​ថា « មាយា​ដក​ខ្ញី» មាន​ទាំង​ទំនុក​ច្រៀង​ផង​ថា :

ស្រី​ទៅ​ដក​ខ្ញី ស្រី​អើយ​នាង​ស្រី ស្រី​ទៅ​ដក​ខ្ញី ដក​ដួល​ទាំង​ខ្លួន ។ កាល​ដក​លើក​មុន តូច​តន់​លាក់​ពួន ដក​ក្រោយ​សំនួន ផ្ទួញ​ឲ្យ​ប្ដី​ស្លាប់ ។ ប្ដី​នាង​អ្នក​ផ្លុំ នាង​សុំ​ធ្វើ​ត្រាប់ បន្ទរ​អឺងអាប់ ចប់​បទ​អុំ​ទូក ៕
(កុំ​ពត់​ស្រឡៅ កុំប្រដៅស្រីខូច)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print